ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ ថា លោកនឹងវាយប្រហារតាមអាកាសលើប្រទេសនេះឱ្យ «ក្លាយទៅជាយុគសម័យថ្មវិញ»។ ភ្លាមៗបន្ទាប់ពីនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Pete Hegseth បានសង្កត់ធ្ងន់លើវោហាសាស្ត្រនេះបន្ថែមទៀត តាមរយៈការបង្ហោះសារយ៉ាងខ្លីលើបណ្ដាញសង្គម X ថា៖ «ត្រឡប់ទៅយុគថ្មវិញ»។

ការគំរាមកំហែងរបស់លោក ត្រាំ វាមិនមែនជារឿងថ្មីស្រឡាងនោះទេ ប៉ុន្តែវាគឺជាមរតកនៃមហាអំណាចក្រុងវ៉ាស៊ីនតោន ដែលធ្លាប់បានប្រើប្រាស់ការគំរាមកំហែងបែបនេះរាប់សិបឆ្នាំមកហើយក្នុងយុទ្ធនាការយោធារបស់ខ្លួន។

នៅក្នុងសន្ទរកថាទៅកាន់ជាតិ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់អំពីអ៊ីរ៉ង់ថា អាមេរិក «ខិតជិតបំផុត» ក្នុងការសម្រេចគោលដៅរបស់ខ្លួន ប៉ុន្តែបានព្រមានថាការវាយប្រហារនឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើអ៊ីរ៉ង់មិនយល់ព្រមចូលតុចរចាបញ្ចប់សង្គ្រាម។ លោកបន្ដថា «យើងនឹងវាយប្រហារពួកគេយ៉ាងធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ២ ទៅ ៣សប្តាហ៍ខាងមុខ យើងនឹងធ្វើឱ្យពួកគេត្រឡប់ទៅយុគសម័យថ្មវិញ ដែលជាកន្លែងស័ក្តិសមសម្រាប់ពួកគេ»។

ទន្ទឹមនោះ ការឆ្លើយតបរបស់អ៊ីរ៉ង់កើតឡើងភ្លាមៗ ដោយប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលត្រូវដំណើរការយ៉ាងសកម្ម ដើម្បីទប់ទល់នឹងមីស៊ីល ខណៈមនុស្ស ៤នាក់បានរងរបួសស្រាលនៅតំបន់ Tel Aviv ជាទីដែលពលរដ្ឋជ្វីហ្វកំពុងបង្ខំចិត្តប្រារព្ធពិធីបុណ្យ Passover នៅក្នុងរូងក្រោមដី។
គួររំលឹកថា សង្គ្រាមអ៊ីស្រាអែល-អាមេរិក លើអ៊ីរ៉ង់បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ រហូតមកដល់ពេលនេះ ជនជាតិអ៊ីរ៉ង់ជាង ២,០០០នាក់បានបាត់បង់ជីវិត ហើយទីតាំងស៊ីវិលរាប់ពាន់កន្លែង រួមមានមន្ទីរពេទ្យ សាលារៀន សាកលវិទ្យាល័យ និងរោងចក្រឱសថ ត្រូវបានវាយប្រហារខ្ទេចខ្ទី។

យ៉ាងណាម៉ិញ អ្នកជំនាញច្បាប់អន្តរជាតិបានលើកឡើងថា ការគំរាមកំហែងនេះ គឺជា «ការប្រកាសពីការរំលោភច្បាប់សង្គ្រាមយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ» ព្រោះវាជាការកំណត់គោលដៅដោយផ្ទាល់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសង្គមដែលការពារដោយច្បាប់មនុស្សធម៌អន្តរជាតិ៕

