តារាសម្តែង និងជាផលិតករភាពយន្តដ៏ល្បីឈ្មោះ Angelina Jolie កំពុងពិចារណាលើគម្រោងស្ដាររោងភាពយន្តប្រវត្តិសាស្ត្រចំនួន ២ នៅក្នុងខេត្តបាត់ដំបង គឺរោងភាពយន្តប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដើម្បីឆ្ពោះទៅកាន់ការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ខេត្ត។ ក្នុងដំណើរទស្សនកិច្ចនេះ មានការអមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងអភិបាលរងខេត្ត មន្ត្រីជំនាញមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរក្រុង។

តាមការបញ្ជាក់របស់អភិបាលខេត្តបាត់ដំបង ដំណើរទស្សនកិច្ចរបស់លោកស្រី Jolie ធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការអញ្ជើញពីសមាគមហ្វារ ពន្លឺសិល្បៈ ដែលកំពុងស្វែងរកជំនួយការគាំទ្រសម្រាប់ការស្តារ និងជួសជុលរោងភាពយន្តប្រវត្តិសាស្ត្រទាំងពីរនេះ។ លោកអភិបាលខេត្តបានបន្ថែមថា អគារទាំងនេះត្រូវបានសាងសង់នៅទសវត្សរ៍ឆ្នាំ ១៩៦០ ដែលជានិមិត្តរូបនៃយុគសម័យមាសនៃវិស័យភាពយន្តនៅកម្ពុជា ប៉ុន្តែបច្ចុប្បន្នបានធ្លាក់ក្នុងសភាពទ្រុឌទ្រោមយ៉ាងខ្លាំងតាមពេលវេលា។




នៅពេលដែលផលិតករ និងជាអ្នកដឹកនាំរឿង “First They Killed My Father” នៅកម្ពុជារូបនេះ និងប្រភពថវិកាផ្សេងៗទៀត គាំទ្រការស្តាររោងកុនទាំងពីរនេះ នោះមិនត្រឹមតែជាការអភិរក្សបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរស់ឡើងវិញនៃអត្តសញ្ញាណសិល្បៈរបស់ក្រុងបាត់ដំបងផងដែរ។ គម្រោងស្តារនេះ ត្រូវបានរំពឹងថា នឹងរួមបញ្ចូលទាំងការជួសជុលរចនាសម្ព័ន្ធអគារ ការដំឡើងប្រព័ន្ធអគ្គិសនី និងប្រព័ន្ធសំឡេងដ៏ទំនើប ព្រមទាំងការរៀបចំកន្លែងសម្រាប់បង្ហាញខ្សែភាពយន្ត សិល្បៈសម្តែង និងព្រឹត្តិការណ៍វប្បធម៌នានា៕

