ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ និងសង្គ្រោះជនរងគ្រោះបាន៣នាក់។

តាមប្រភពពីសមត្ថកិច្ច ឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីបុរសជនជាតិវៀតណាមម្នាក់ អាយុ២៣ឆ្នាំ បន្ទាប់ពីមិត្តស្រីរបស់ខ្លួន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ចាប់បង្ខាំង និងជំរិតទារប្រាក់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ និងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវយ៉ាងសកម្ម រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងបង្ខាំងជនរងគ្រោះ។

ជាលទ្ធផល នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២១៖២០នាទី កម្លាំងសមត្ថកិច្ចបានចូលប្រតិបត្តិការ សង្គ្រោះជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ នៅចំណុចសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យបានប្រើវិធីសាស្រ្តណាត់ជួបនារីរងគ្រោះ ដោយយកលេសបម្រើសេវាផ្លូវភេទ បន្ទាប់មកធ្វើសកម្មភាពចាប់បង្ខាំង និងជំរិតទារប្រាក់ ហើយក្រុមនេះធ្លាប់ធ្វើសកម្មភាពបែបនេះជាច្រើនលើកមកហើយ។ បច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ កំពុងត្រូវបានសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។

Share.