ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចជំនាញ បានសហការជាមួយនគរបាលខេត្តបាត់ដំបង ចាប់ខ្លួនជនត្រូវចោទឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ ដែលជាអតីតសង្ឃ នៅចំណុចវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


ការចាប់ខ្លួននេះ អនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៤១៦ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។


តាមការបញ្ជាក់ ជនត្រូវចោទក៏បានប្រព្រឹត្តបំពានវិន័យសង្ឃធ្ងន់ធ្ងរ ប៉ះពាល់ដល់ព្រះពុទ្ធសាសនា ដោយមានទំនាក់ទំនងស្នេហាជាមួយស្ត្រីជាច្រើន និងមានកូនផងដែរ។


សមត្ថកិច្ចបានអះអាងថា ការចាប់ខ្លួននេះអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ ដោយផ្អែកលើភស្តុតាងច្បាស់លាស់ មិនពាក់ព័ន្ធនឹងនយោបាយ ឬការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិនោះឡើយ ហើយក៏បានបដិសេធការចោទប្រកាន់ពីក្រុមមួយចំនួនលើបណ្តាញសង្គមថាជាការរំលោភសិទ្ធិសេរីភាព។


បច្ចុប្បន្ន ជនត្រូវចោទត្រូវបានបញ្ជូនទៅតុលាការ ហើយត្រូវបានចៅក្រមសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់។

Share.