ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន ១៤ នាក់ ក្នុងនោះមានជនជាតិបង់ក្លាដេស ៥ នាក់ និងប៉ាគីស្ថាន ៩ នាក់ ពាក់ព័ន្ធនឹងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
សូមចុចអាន៖ ចាប់ខ្លួនអតីតសង្ឃម្នាក់ ពាក់ព័ន្ធញុះញង់បង្កភាពវឹកវរដល់សង្គម និងបំពានវិន័យសង្ឃ

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ នៅផ្ទះលេខ ៦២C ផ្លូវលេខ ០២ ក្នុងបុរីកំបូលស៊ីធី សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចរកឃើញការស្នាក់នៅមិនប្រក្រតី និងមានសញ្ញាសង្ស័យពាក់ព័ន្ធបទល្មើស។
ប្រតិបត្តិការនេះអនុវត្តក្រោមការបញ្ជារបស់អភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងការចូលរួមពីអាជ្ញាធរខណ្ឌកំបូល។
តាមលទ្ធផលស៊ើបអង្កេតដំបូង សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យទាំងនេះបានប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ក្រោមរូបភាពផ្តល់ការងារ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានទូរសព្ទដៃចំនួន ៥៧ គ្រឿង កុំព្យូទ័រ (All-in-one) ៥ គ្រឿង និងស៊ីមកាតបរទេសមួយចំនួនធំ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១៤ នាក់ និងវត្ថុតាងទាំងអស់ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមច្បាប់។

