ព្រៃវែង៖ រថយន្តកូរ៉េមួយគ្រឿង ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចចេញពីស្រុកពាមរក៍ ខេត្តព្រៃវែង អស់រយៈពេល១០ថ្ងៃ កម្លាំងជំនាញស្នងការខេត្ត សហការស្រាវជ្រាវ តាមរកឃើញរថយន្ត ចាប់ជនសង្ស័យបាន កាលពីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិអង្គរោង ឃុំមហាឬសី្ស ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏ប៉ុន្តែប្រជាពលរដ្ឋរារាំងកម្លាំងសមត្ថកិច្ច មិនឱ្យយកជនសង្ស័យចេញទៅសួរនាំទៅវិញ។

តាមស្នងការខេត្តព្រៃវែងបានឱ្យដឹងថា កាលពីវេលាម៉ោង៤:៣១នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ មានជនសង្ស័យធ្វើសកម្មភាពលួចរថយន្តកូរ៉េ ១គ្រឿង ម៉ាក ហុីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-0908 ចេញពីក្នុងភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង ហើយជនរងគ្រោះក៏បានប្តឹងទៅសមត្ថកិច្ចផងដែរ។

ក្រោយពីទទួលបានបណ្តឹង កម្លាំងជំនាញស្នងការខេត្ត សហការស្រាវជ្រាវរយៈពេល១០ថ្ងៃ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ រកឃើញរថយន្ត នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិអង្គរោង ឃុំមហាឬសី្ស ស្រុកគងពិសី ខេត្តកំពុងស្ពឺ សមត្ថកិច្ចឃាត់បានជនសង្ស័យ ហើយខណៈដែលរៀបនឹងនាំយកទៅសាកសួរ ត្រូវបានប្រជាពលរដ្ឋ អ្នកមិនដឹងរឿង គាត់ផ្ទុះការរារាំងមិនឱ្យសមត្ថកុច្ចយកជនសង្ស័យចេញទៅវិញ ឃាត់ទាំងរថយន្តសមត្ថកិច្ចទៀត។

តែទោះជាយ៉ាងណាក្តី កម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ធ្វើការសម្របសម្រួល ជាមួយពលរដ្ឋ ដើម្បីនាំជនសង្ស័យទៅសាកសួរ៕
អត្ថបទ៖ តាតុងសែនជ័យ

