ស្របពេលដែលពិធីបុណ្យចូលឆ្នាំថៃ ជិតចូលមកដល់ ស្ថានភាពអាកាសធាតុនៅក្នុងប្រទេសថៃបានឈានដល់កម្រិតអាសន្ន ដោយសារឥទ្ធិពលរួមផ្សំគ្នារវាងរលកកម្ដៅដ៏គ្រោះថ្នាក់ និងវិបត្តិខ្យល់ពុលដែលកំពុងគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ ជាពិសេសគឺកុមារតូចៗ។

យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) ថៃ បានចេញសេចក្តីព្រមានយ៉ាងអាសន្នថា សន្ទស្សន៍កម្ដៅ (កម្រិតកម្ដៅដែលរាងកាយដឹងពិតប្រាកដ) អាចនឹងហក់ឡើងខ្ពស់រហូតដល់ ៦០អង្សាសេ ក្នុងអំឡុងដើមខែមេសានេះ។ ទន្ទឹមនឹងនោះ នាយកដ្ឋានឧតុនិយមថៃបានបញ្ជាក់ថា សីតុណ្ហភាពខ្យល់ទូទៅនឹងបន្តកើនឡើងលើសពី ៤២អង្សាសេ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។

អាកាសធាតុក្តៅហួតហែងនេះ បង្កឡើងដោយប្រព័ន្ធសម្ពាធទាបគ្របដណ្តប់លើភាគខាងលើនៃប្រទេស អមដោយខ្យល់បក់ខ្សោយ ដែលធ្វើឱ្យស្ថានភាពអាកាសធាតុមិនមានស្ថិរភាព ងាយនឹងបង្កជាភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតាមផ្នែកខ្លះនៃភាគខាងជើង ភាគឦសាន និងភាគកណ្តាល។

ចំពោះភាគខាងត្បូង ត្រូវបានព្យាករណ៍ថា មានភ្លៀងផ្គររន្ទះរាយប៉ាយ អមដោយអាកាសធាតុក្តៅនៅពេលថ្ងៃ។ ចំណែកឯកម្ពស់រលកសមុទ្រនៅសមុទ្រ Andaman និងឈូងសមុទ្រថៃ មានកម្ពស់ជាមធ្យមប្រហែល ១ ម៉ែត្រ និងលើសពី ១ ម៉ែត្រនៅក្នុងតំបន់ដែលមានខ្យល់ព្យុះ។

ក្រៅពីការឡើងកម្ដៅក្ដៅខ្លាំងនេះ ប្រទេសថៃបាននឹងកំពុងប្រឈមមុខនឹងសត្រូវលាក់មុខមួយទៀត គឺ «ធូលីពុល PM 2.5» ដែលបានវាយប្រហារយ៉ាងខ្លាំងក្លាទៅលើប្រព័ន្ធផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋ ជាពិសេសគឺ កុមារតូចៗ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានការរាយការណ៍ជាបន្តបន្ទាប់ពីអាណាព្យាបាល និងគ្រូពេទ្យនៅតំបន់ដែលមានការបំពុលខ្យល់ខ្លាំង ដូចជានៅខេត្តឈៀងម៉ៃ និងទីក្រុងបាងកក ថាមានក្មេងៗជាច្រើនបានជួបប្រទះអាការៈ ហូរឈាមច្រមុះ ភ្លាមៗ បន្ទាប់ពីបានប៉ះពាល់នឹងខ្យល់អាកាសនៅខាងក្រៅ។ ភាគល្អិតរបស់ធូលីពុល PM 2.5 ដែលមានទំហំតូចឆ្មារ បានជ្រាបចូលទៅបំផ្លាញសរសៃឈាមតូចៗនៅក្នុងច្រមុះ និងបង្កជាការរលាកភ្លាមៗ។

អ្នកជំនាញផ្នែកសុខាភិបាលថៃបានព្រមានថា កុមារដកដង្ហើមញាប់ជាងមនុស្សចាស់ ដែលធ្វើឱ្យពួកគេស្រូបយកជាតិពុលចូលទៅកាន់សួតបានច្រើនជាងធម្មតា ដែលវានឹងធ្វើឱ្យកោសិកាសួតរលាក រាំងស្ទះដល់ការលូតលាស់សួតរបស់ក្មេងៗ ក្មេងដែលមិនធ្លាប់មានជំងឺ ក៏អាចក្លាយជាអ្នកជំងឺហឺតរ៉ាំរ៉ៃបានដែរ។

ទាក់ទិននឹងបញ្ហាទាំងអស់នេះ ក្រសួងបញ្ជាក់ថា ស្ថានភាពក្ដៅហួតហែងខ្លាំងបែបនេះ គឺជាហានិភ័យខ្ពស់បំផុតសម្រាប់ក្រុមមនុស្សងាយរងគ្រោះ រួមមាន មនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺប្រចាំកាយ ជាពិសេសអ្នកលេបថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំបញ្ចុះទឹកនោម ដែលធ្វើ​ឱ្យរាងកាយពិបាកគ្រប់គ្រងសីតុណ្ហភាព។ ប្រជាពលរដ្ឋ និងអ្នកទេសចរត្រូវបានណែនាំឱ្យជៀសវាងការចេញក្រៅកន្លែងស្នាក់នៅក្នុងអំឡុងពេលកម្ដៅខ្លាំង ប្រើប្រាស់ម៉ាស់ការពារប្រភេទ N95 ពេលធ្វើដំណើរ និងញ៉ាំទឹកឱ្យបានច្រើន ដើម្បីការពារសុខភាពពីការដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ និងផលប៉ះពាល់ពីផ្សែងពុល៕

ប្រភព៖ The Nation

Share.