ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម TruthSocial កាលពីយប់មិញថា៖ «ថ្ងៃអង្គារខាងមុខនឹងក្លាយជាថ្ងៃនៃរោងចក្រអគ្គិសនី និងជាថ្ងៃនៃស្ពាននៅក្នុងប្រទេសអ៊ីរ៉ង់ដែលកើតឡើងក្នុងពេលតែមួយ។ វានឹងក្លាយជាអ្វីដែលមិនធ្លាប់មានពីមុនមក!!!ចូរបើកច្រកសមុទ្រនោះទៅ ពួកឯងឆ្កួតអស់ហើយ បើមិនដូច្នោះទេពួកឯងនឹងត្រូវនៅក្នុងនរកជាក់ជាមិនខាន ចាំមើលទៅ»។

ក្រោយលោក ត្រាំបានបង្ហោះសារម្តងទៀតថា៖ «ថ្ងៃអង្គារវេលាម៉ោង ៨:០០ យប់ (ម៉ោងនៅប៉ែកខាងកើតសហរដ្ឋអាមេរិក)!» ដែលនេះហាក់ដូចជាការបន្តឱសានវាទពីមុនដែលគ្រោងនឹងបញ្ចប់នៅថ្ងៃច័ន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ នេះ។

ទោះជាយ៉ាងណាក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News លោក ត្រាំ បានបញ្ជាក់ថាមាន «ឱកាសល្អ»ក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលតេហេរ៉ង់នៅថ្ងៃច័ន្ទប៉ុន្តែលោកក៏កំពុងពិចារណាជម្រើសក្នុងការ «កម្ទេចអ្វីៗគ្រប់យ៉ាងឱ្យខ្ទេចនិងរឹបអូសយកប្រេង» ប្រសិនបើមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមក្នុងពេលឆាប់ៗនេះទេ។

ជាការឆ្លើយតប លោក Esmaeil Baghaeiអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថាអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការសងសឹកវិញឱ្យសមស្របទៅនឹងការវាយប្រហារណាមួយមកលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនហើយបានព្រមានថា កងទ័ពអ៊ីរ៉ង់នឹងវាយប្រហារលើទ្រព្យសម្បត្តិទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក។

ចំណែកលោក Mohammad Bagher Ghalibafប្រធានសភាអ៊ីរ៉ង់ បានព្រមានថា ទង្វើហក់លោតរបស់លោក ត្រាំកំពុងអូសសហរដ្ឋអាមេរិកចុះនរក និងធ្វើឱ្យតំបន់ទាំងមូលឆាបឆេះ។ លោកសង្កត់ធ្ងន់ថាផ្លូវចេញតែមួយគត់គឺត្រូវគោរពសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់និងបញ្ឈប់ល្បែងដ៏គ្រោះថ្នាក់នេះ។

Share.