ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានគ្រោះអគ្គិភ័យកើតឡើងសរុបចំនួន ៦១ករណី។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនេះ បានបណ្តាលឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៤៣ខ្នង តូប ២០ បន្ទប់ ១០ ព្រមទាំងឡថ្នាំជក់ ១កន្លែង និងឡចំហុយសន្លឹកថ្នាំជក់ ២កន្លែង។
សូមចុចអាន៖ អគ្គិភ័យឆេះផ្ទះបងប្អូនខ្មែរឥស្លាមអស់ ១០ខ្នង នៅស្រុកក្រូចឆ្មារ

ក្រៅពីនេះ ក៏មានការខូចខាតលើទ្រព្យសម្បត្តិផ្សេងៗ រួមមាន គំនរអេតចាយ ១កន្លែង រោង ៣កន្លែង ម៉ាស៊ីន ៣គ្រឿង បំពង់កម្ដៅ ១គ្រឿង រថយន្ត ២គ្រឿង ព្រៃ ៥កន្លែង និងដើមប្រេងខ្យល់ប្រមាណ ៣៥០ដើម រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បើប្រៀបធៀបទៅនឹងខែកុម្ភៈ ករណីអគ្គិភ័យក្នុងខែមីនានេះ បានថយចុះចំនួន ៣៦ករណី ខណៈការខូចខាតផ្ទះសម្បែងក៏ថយចុះចំនួន ៤០ខ្នងផងដែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ប្រភពភ្លើង។ មុនចាកចេញពីលំនៅដ្ឋាន ត្រូវពន្លត់ភ្លើង ទៀន ធូប និងបិទកុងតាក់ភ្លើង ឬចង្ក្រានហ្គាសឱ្យបានត្រឹមត្រូវ ដើម្បីបង្ការហានិភ័យអគ្គិភ័យ។
ក្នុងករណីមានអគ្គិភ័យកើតឡើង ប្រជាពលរដ្ឋអាចទាក់ទងលេខ ១១៨ ឬតាមតេឡេក្រាម ១១៨ ដើម្បីស្នើសុំការអន្តរាគមន៍ពីកម្លាំងជំនាញ ឬជូនដំណឹងបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន៕
អត្ថបទ៖ កញ្ញា សេង សុខហ៊ុន
