មន្ត្រីជំនាញក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ចុះពិនិត្យស្រាវជ្រាវករណីមន្ត្រី នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺចំនួន ២រូប សង្ស័យបានទាមទារប្រាក់ចំនួន ៦រយដុល្លារ ពីរោងចក្រដំណាប់ស្វាយនៅខេត្តកំពង់ស្ពឺ។

មន្រ្តីនៃក្រសួងបរិស្ថាន បានចុះមកដល់ទីតាំងរោងចក្រខ្នាតតូច កែឆ្នៃដំណាប់ស្វាយ ឈ្មោះ ហុង ចេងហ្វាង ដែលមានទីតាំងនៅក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានជួបតំណាងក្រុមហ៊ុន ជាជនជាតិចិន និងអ្នកបកប្រែចំនួន ២នាក់ ដោយបានសួរនូវសំណួរស៊ើបអង្កេតជាច្រើន ដើម្បីស្វែងរកការពិត និងរកភាពស្អាតស្អំជូនភាគីម្ចាស់ក្រុមហ៊ុន ក៏ដូចជាភាគីមន្ត្រីនៃមន្ទីរបរិស្ថាន។

ការចុះស៊ើបអង្កេតនៅទីតាំងរោងចក្រនេះ ធ្វើឡើងតាមបញ្ជារបស់ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បន្ទាប់ពីឃើញការផ្សព្វផ្សាយថា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទាមទារលុយពីរោងចក្រចំនួន ១៥០០ដុល្លារ ជាថ្នូរនឹងការធ្វើរបាយការណ៍វាយតម្លៃមិនល្អលើការងារគ្រប់គ្រងសំណល់រឹង រាវក្នុងរោងចក្រ ប៉ុន្តែក្រោយមកបានព្រមព្រៀងគ្នាត្រឹម ៦០០ដុល្លារ។
គួររម្លឹកថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែមេសា ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសថា៖ «ក្រសួងបរិស្ថាន នឹងមិនទុកឱ្យករណីនេះចប់ ដោយមិនដឹងខុសត្រូវ ហើយមិនមានអ្នកទទួលខុសត្រូវនោះទេ។ ក្រសួងបរិស្ថាន មិនអនុញ្ញាតឱ្យមន្ត្រីប្រព្រឹត្តអំពើខុសឆ្គងនោះទេ។ មន្ត្រីប្រព្រឹត្តខុស នឹងទទួលខុសត្រូវ តែបើមិនបានប្រព្រឹត្តខុសទេ នឹងទទួលបានយុត្តិធម៌»៕
អត្ថបទ៖ ត្រយងតូច

