ភ្នំពេញ៖ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង ស្ថិតនៅក្នុងបន្ទប់ខុនដូអគារ JD Polman ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនបរទេសចំនួន ៨នាក់ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។
តាមរបាយការណ៍ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំងនោះរួមមាន ជនជាតិជប៉ុន ៥នាក់ និងជនជាតិចិន ៣នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ ដោយក្លែងខ្លួនជាសមត្ថកិច្ចនគរបាលជប៉ុន។

ប្រតិបត្តិការនេះ អនុវត្តតាមការបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការចូលរួមពីអាជ្ញាធរខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន ទូរសព្ទដៃចំនួន ១៤គ្រឿង កុំព្យូទ័រ CPU ១គ្រឿង ម៉ូនីទ័រ ១គ្រឿង iPad ៣គ្រឿង ព្រមទាំងអាវ និងមួកនគរបាលជប៉ុន និងឯកសារក្លែងក្លាយមួយចំនួនដែលប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស។

លទ្ធផលស្រាវជ្រាវបឋម បង្ហាញថា ក្រុមជនសង្ស័យបានប្រើប្រាស់ប្រទេសកម្ពុជា ជាទីតាំងដើម្បីធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្លែងជាសមត្ថកិច្ចជប៉ុន និងប្រើប្រាស់ឯកសារក្លែងក្លាយ ដូចជា បណ្តឹង កិច្ចសន្យា និងដីការចាប់ ដើម្បីបោកប្រាស់គោលដៅនៅប្រទេសជប៉ុន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកបក្សពួកពាក់ព័ន្ធបន្ថែមទៀត។

ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឆបោក ឬបទល្មើសឆ្លងដែនឡើយ ហើយអាជ្ញាធរនឹងចាត់វិធានការយ៉ាងតឹងរឹង ដើម្បីបង្ក្រាប និងលុបបំបាត់សកម្មភាពទាំងនេះឱ្យបានមានប្រសិទ្ធភាព៕
អត្ថបទ៖ កណ្តាល

