ខ្សែប្រយុទ្ធ Miroslav Klose អតីតកីឡាកររបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ កាន់កាប់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេបង្អស់នៅព្រឹត្តិការណ៍ FIFA World Cup សរុប១៦គ្រាប់ តាមពីក្រោយដោយ Ronaldo Nazário របស់ក្រុមជម្រើសជាតិប្រេស៊ីល រកបាន១៥គ្រាប់។

Miroslav Klose កើតនៅឆ្នាំ ១៩៧៨ ប្រទេសប៉ូឡូញ និងបានផ្លាស់ទីទៅទឹកដីអាល្លឺម៉ង់តាំងពីក្មេង រួចក៏បានសញ្ជាតិអាល្លឹម៉ង់។ ក្រោយប្រកបអាជីពបាល់ទាត់ Klose សម្រេចជ្រើសរើសចូលរួមជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។
កីឡាករ Klose ចូលរួមការប្រកួតឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ជាលើកដំបូងនៅឆ្នាំ ២០០១។ តាំងពីពេលនោះមក Klose តែងមានមុខក្នុងការលេងឲ្យ និងស៊ុតចូលជួយក្រុមជម្រើសជាតិខ្លួនក្នុងព្រឹត្តិការណ៍ World Cup ចំនួន ៤លើក ពោលគឺនៅឆ្នាំ ២០០២ ឆ្នាំ ២០០៦ ឆ្នាំ ២០១០ និងឆ្នាំ ២០១៤។ នៅ World Cup ឆ្នាំ២០១៤ ដែលធ្វើឡើងនៅប្រទេសប្រេស៊ីលនេះឯង ដែល Klose ក្លាយកីឡាករស៊ុតចូលសម្រេចគ្រាប់បាល់ច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ World Cup ក្រោយកីឡាកររូបនេះសម្រេចគ្រាប់បាល់ទី ១៦ របស់ខ្លួន។
Klose ស៊ុតចូល ៥ គ្រាប់ក្នុង World Cup ២០០២ ហើយស៊ុតចូលបាន ៥ គ្រាប់ទៀតនៅ World Cup ២០០៦។ កីឡាកររូបនេះ សម្រេចបាន ៤ គ្រាប់នៅ World Cup ២០១០ ហើយស៊ុតចូល ២ គ្រាប់ទៀតនៅ World Cup ២០១៤។
ក្រោយជួយអាល្លឺម៉ង់ឈ្នះ World Cup នៅឆ្នាំ២០១៤ Miroslav Klose បានសម្រេចចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្នុងអាយុ ៣៦ឆ្នាំ៕

