រយៈពេលមិនដល់២៤ម៉ោងផង មានទីតាំង២ នៅក្នុងខណ្ឌចំនួន២ ដែលរងនូវគ្រោះអគ្គីភ័យដែលបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដោយទីតាំងទីមួយ ឆេះឃ្លាំង និង ទីតាំងមួយទៀតឆេះផ្ទះរបស់ប្រជាពលរដ្ឋ។ 

Screenshot

ហេតុការណ៍គ្រោះអគ្គីភ័យទីមួយ បានកើតឡើងនៅវេលាម៉ោង៦:១០នាទីល្ងាច ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅ ចំនុចឃ្លាំងធ្វើដេគ័ររោងការ និងស្លាកយីហោកម្មវិធីផ្សេងៗ ក្រោយផ្សារបឹងបៃតង ស្ថិតនៅដីឡូ៍លេខB01 ផ្លូវ ១ឧសភា ភូមិច្រេះ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា ឃ្លាំងដែលឆាបឆេះ គឺមានទទួលធ្វើដេគ័ររោងការ និងស្លាកយីហោ កម្មវិធីផ្សេងៗ លុះមកដល់ម៉ោងកើតហេតុ មិនដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែលឺសំឡេងផ្ទុះ ហើយក៍មានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ ទេីប ផ្អើលបុគ្គលិកនាំគ្នាជួយពន្លត់ តែមិនអាចពន្លត់បាន ព្រោះសំភារៈនៅក្នុងនោះ ជាវត្ថុងាយឆាប់ឆាបឆេះ ទេីបរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គីភ័យតាមបណ្ដាអង្គភាពជាច្រើនគ្រឿង បានចេញទៅ សហការគ្នាបាញ់ពន្លត់ ហើយបន្តយកគ្រឿងចក្រទៅជួយវាយរបង និងបាញ់ទឹកទប់ស្កាត់បន្តេីររហូតដល់ម៉ោងប្រហែល ១០យប់ ទេីបភ្លើងបានថបថយទៅវិញ។

សម្រាប់ករណីទីពីរ នៅវេលាម៉ោង ៥ព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នេះ ស្ថិតនៅផ្លូវ២០៥ កែង២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ អគ្គិភ័យឆាបឆេះទីតាំងលក់ និងបញ្ចូលហ្គាស់មួយកន្លែង យ៉ាងសន្ធោសន្ធៅ។

Screenshot

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឮសម្លេងផ្ទុះចេញពីទីតាំងបញ្ចូលហ្គាស់ខាងលើ បង្កជាអណ្ដាតភ្លើងឆាបឆេះ ភ្លាមនោះបាននាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីស្នើសុំរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។ 

អគ្គិភ័យនេះបានឆាប់ឆេះទីតាំងហ្គាស់ រួចបន្តរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់នោះចំនួន៣ខ្នងថែមទៀត ស្ទើរទាំងស្រុង តែមិនបង្កឲ្យមានមនុស្សរងរបួសទេ។

Screenshot

តាមរយៈគ្រោះអគ្គិភ័យដែលបានកើតឡើងបន្តបន្ទាប់ក្នុងរយៈពេលមិនដល់ ២៤ ម៉ោងផងនេះ គឺជាសញ្ញាអាសន្នមួយ ដាស់តឿនស្មារតីបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ ក្នុងស្ថានភាពដែលអាកាសធាតុរដូវប្រាំងកំពុងក្តៅហែងខ្លាំង បូករួមនឹងខ្យល់បក់ផងនោះ វាគឺជាកត្តាដែលងាយបង្កឱ្យអណ្តាតភ្លើងរីករាលដាលយ៉ាងឆាប់រហ័សបំផុត ដែលពិបាកនឹងគ្រប់គ្រង។ សូមចងចាំថា ការបង្ការគ្រោះអគ្គិភ័យ គឺជាភារកិច្ចរបស់យើងម្នាក់ៗ ដើម្បីការពារទ្រព្យសម្បត្តិ សុភមង្គលគ្រួសារ និងសុវត្ថិភាពសហគមន៍ទាំងមូល ក្នុងឱកាសបុណ្យទានខាងមុខនេះ៕

Share.