ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តវិធានការបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ១,០៨៤នាក់ ស្រី ១៣០នាក់ មានចំនួន ២៧សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។

សូមចុចអាន៖ បង្ក្រាបទីតាំង Online Scam នៅបាវិត ឃាត់ខ្លួនជនសង្ស័យ ៣២នាក់

ការបណ្ដេញចេញនេះ អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយអគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាឱ្យនាយកដ្ឋានជំនាញបន្តអនុវត្តនីតិវិធីយ៉ាងម៉ឺងម៉ាត់។

ក្នុងចំណោមជនបរទេសទាំងនេះ មានជនជាតិចិនចំនួន ៤៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលត្រូវបានបណ្ដេញចេញតាមយន្តហោះពិសេស តាមច្រកអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ។

ក្រៅពីនេះ ក៏មានជនបរទេសមួយចំនួនពាក់ព័ន្ធបទល្មើសដូចជា លួចឆ្លងដែន បន្លំឯកសារ ស្នាក់នៅខុសច្បាប់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ និងធ្វើការងារខុសច្បាប់ក្នុងប្រទេស។

វិធានការនេះ ជាផ្នែកមួយនៃការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងធានាសន្តិសុខសង្គម ដោយអនុវត្តច្បាប់ដោយគ្មានការលើកលែង៕

Share.