កំពង់ចាម៖ ព្រោះតែភ្លើងប្រចណ្ឌ អតីតស្វាមី ហ៊ានលើកដៃបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនជាក្រោយ ក្នុងថ្លុកឈាម បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១:២០នាទីរសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅក្នុងផ្សារស្គន់ តូបលក់ដូររបស់ជនរងគ្រោះ ភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ស្ត្រីរងគ្រោះមានឈ្មោះ ណាំ សារីម អាយុ​​ ៤២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកឃាតករ អតីតជាប្តីមានឈ្មោះ ឌុច សុជាតិ អាយុ ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះ ជាស្ត្រីម៉េម៉ាយកូនមួយ ចំណែកជនសង្ស័យក៏ជាពោះម៉ាយកូនមួយដូចគ្នា បានស្រឡាញ់គ្នា ចូលស្តីដណ្តឹង ហើយរៀបការក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ កន្លងមកនេះ ក៏ប៉ុន្តែភាគីខាងប្រុសកើតរោគប្រច័ណ្ឌខ្លាំង ឃើញប្រពន្ធនិយាយលេងជាមួយបងប្អូន ឱ្យតែមនុស្សប្រុស ដឹងតែមិនបាន ទីបំផុតក៏បានលែងលះគ្នា ដោយសារការរស់នៅមិនចុះសម្រុងនឹងគ្នា អស់រយៈពេលជាង១ខែមកហើយ មកដល់ថ្ងៃកើតហេតុ។

ប្រភពបន្តទៀតថា ក្រោយលែងលះគ្នាជាង ១ខែមកនេះ ភាគីទាំងពីររស់នៅទីទៃគ្នា ស្រាប់តែនៅថ្ងៃកើតហេតុនេះ គេឃើញជនសង្ស័យដើរសំដៅទៅតូបអតីតប្រពន្ធ កំពុងលក់ដូរ រួចដកកាំភ្លើងបាញ់សំដៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមៗ រួចឃាតករបាញ់ខ្លួនឯងចំនួន៥គ្រាប់ ស្លាប់នៅកន្លែងតាមក្រោយ បង្កឱ្យផ្អើលអស់អ្នកលក់ដូរ រាយការណ៍ទៅសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យ រួចប្រគល់សពស្ត្រីរងគ្រោះជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកសពជនសង្ស័យ សមត្ថកិច្ចទំនាក់ទំនងទៅសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.