ភាពតានតឹងរវាងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឈានដល់របត់ថ្មីមួយ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បានប្រកាសថា ភាគីទាំងពីរនឹងចាប់ផ្តើមការចរចាជាផ្លូវការនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នាថ្ងៃសុក្រសប្តាហ៍នេះ។
យោងតាមការចុះផ្សាយរបស់ The guardian នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ដំណើរការចរចានេះនឹងមានរយៈពេល ១៥ ថ្ងៃ ដោយមានប្រទេសប៉ាគីស្ថានជាអ្នកសម្របសម្រួល។

ចំណុចសំខាន់បំផុតនៃកិច្ចព្រមព្រៀងបឋមនេះ គឺភាគីទាំងពីរបានយល់ព្រមផ្អាករាល់ការវាយប្រហារយោធាដាក់គ្នាជាបណ្តោះអាសន្ន ក្នុងអំឡុងពេលនៃការពិភាក្សា។
មើលតាមជំហររបស់ភាគីអ៊ីរ៉ង់៖ ទីក្រុងតេហេរ៉ង់បានបញ្ជាក់ថា មូលហេតុដែលខ្លួនយល់ព្រមចូលតុចរចា គឺដោយសារតែសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រនៅលើសមរភូមិរួចរាល់ហើយ។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ការឈប់បាញ់នេះមិនមែនជាការបញ្ចប់សង្គ្រាមទាំងស្រុងនោះទេ ប៉ុន្តែវាជាឱកាសដើម្បីរៀបចំលម្អិតនូវអ្វីដែលពួកគេហៅថា “ជ័យជម្នះ”។


នៅក្នុងកិច្ចពិភាក្សានេះ អ៊ីរ៉ង់បានដាក់ចេញ ១០ ចំណុច ដែលមានដូចជា៖ ការទាមទារការធានាសន្តិសុខមិនឱ្យមានការវាយប្រហារនៅថ្ងៃអនាគត។ ការដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ និងការសងការខូចខាតសង្គ្រាម។ ការដកកងទ័ពអាមេរិកចេញពីតំបន់មជ្ឈិមបូព៌ា។ ការរៀបចំសណ្តាប់ធ្នាប់ថ្មីនៅច្រកសមុទ្រ Hormuz (ដោយអ៊ីរ៉ង់ធានាសុវត្ថិភាពនៃការធ្វើដំណើរក្នុងរយៈពេល ២ សប្តាហ៍នេះ ក្រោមការត្រួតពិនិត្យរបស់ខ្លួន)។
ទោះបីជាមានការចរចាក៏ដោយ ក៏អ៊ីរ៉ង់នៅតែបង្ហាញការមិនទុកចិត្តលើសហរដ្ឋអាមេរិក ដោយព្រមានថា កងទ័ពរបស់ខ្លួននៅតែស្ថិតក្នុងស្ថានភាព “ដៃដាក់លើកៃកាំភ្លើង” និងត្រៀមខ្លួនវាយបកភ្លាមៗ ប្រសិនបើមានការរំលោភកិច្ចព្រមព្រៀង។

ដោយឡែកសម្រាប់ជំហររបស់សហរដ្ឋអាមេរិកវិញ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានថ្លែងបញ្ជាក់ពីការផ្អាកប្រតិបត្តិការយោធារយៈពេល ២ សប្តាហ៍ផងដែរ។ លោកបានហៅសកម្មភាពនេះថាជា “ការឈប់បាញ់ទ្វេភាគី” ដែលផ្សារភ្ជាប់ទៅនឹងលក្ខខណ្ឌនៃការចរចា និងសន្តិសុខនាវាចរណ៍នៅច្រកសមុទ្រ Hormuz។
បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះជំនួបរវាងអាម៉េរិក និង អ៊ីរ៉ង់ នៅប៉ាគីស្ថាននាថ្ងៃសុក្រនេះ ខណៈដែលលទ្ធផលនៃការចរចានឹងក្លាយជាសញ្ញាបង្ហាញថា តើតំបន់មជ្ឈិមបូព៌ាអាចឈានទៅរកសន្តិភាពពិតប្រាកដ ឬត្រូវធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមជាបន្តទៀត៕

