មន្ត្រីនគរបាលជាតិជាន់ខ្ពស់ម្នាក់នៃក្រសួងមហាផ្ទៃ ត្រូវបានសម្រេចកាត់បន្ថយឋានន្តរសក្តិ ពីថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) មកនៅត្រឹមថ្នាក់ ពលបាលត្រី ប៉ុណ្ណោះ នេះបើយោងតាមព្រះរាជក្រឹត្យដែលបានឡាយព្រះហស្តលេខាកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ ។

មន្ត្រីដែលត្រូវបានដកហូតបុណ្យស័ក្តិនោះមានឈ្មោះ គង់ វុទ្ធី អត្តលេខ ០៩៨៤១ ជាមន្ត្រីស្ថិតក្នុងក្របខណ្ឌនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
ផ្អែកតាមការបកស្រាយលម្អិតពី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ(សុខៈ) ក្រុមជំនាញស្រាវជ្រាវបានរកឃើញកំហុសឆ្គងធ្ងន់ធ្ងរចំនួន ៤ ចំណុចសំខាន់ៗ ដែលនាំឱ្យឈានដល់ការអនុវត្តវិធានការច្បាប់នេះ រួមមាន៖
១. លោក គង់ វុទ្ធី ត្រូវបានរកឃើញថា បានទទួលថវិកាពីភាគីឯកជន (ភាគី ក ខ) ដើម្បីជួយដោះស្រាយកិច្ចការងារ ប៉ុន្តែការងារនោះមិនបានសម្រេច ហើយលោកក៏មិនព្រមប្រគល់ថវិកាទាំងនោះត្រឡប់ទៅម្ចាស់ដើមវិញដែរ។
២. លោក គង់ វុទ្ធី បានប្រើប្រាស់ឋានៈ តួនាទី និងសិទ្ធិអំណាចក្នុងក្របខណ្ឌរដ្ឋ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍ឯកជនយ៉ាងធ្ងន់ធ្ងរ។
៣. តាមរបាយការណ៍អង្គភាព គាត់បានអវត្តមានពីការងារមិនទៀងទាត់ និងបានឈប់លើសពី ៨ ថ្ងៃជាប់ៗគ្នា ដោយគ្មានច្បាប់ទម្លាប់ ឬមូលហេតុត្រឹមត្រូវ។
៤. លោកមិនបានផ្តល់កិច្ចសហការជាមួយក្រុមប្រឹក្សាវិន័យនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មឡើយ បើទោះបីជាមានការកោះហៅជាលើកទី២ និងទី៣ ក៏លោកនៅតែមិនចូលខ្លួនបំភ្លឺដដែលជាដដែល។

គួរបញ្ជាក់ផងដែរថាមុនឈានដល់ការចេញព្រះរាជក្រឹត្យដកហូតបុណ្យស័ក្តិនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានចាត់វិធានការផ្អាកការងារបណ្ដោះអាសន្នលើលោក គង់ វុទ្ធី រួចមកហើយ។ បច្ចុប្បន្ន នីតិវិធីកំពុងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីបើកផ្លូវឱ្យតុលាការចាត់ការតាមច្បាប់ជាធរមានចំពោះករណីនេះ៕

