បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ បានត្រៀមកម្លាំងជំនាញជិត ៦០០នាក់ដើម្បីការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ។

ក្នុងការដឹកនាំប្រជុំផ្សព្វផ្សាយផែនការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង នៅសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០​២៦កន្លងមកនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន​ចាន់ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង បានបញ្ជាក់ថា៖ តាមផែនការដែលបានគ្រោងទុកនៅក្នុងព្រឹត្តិការណ៍សង្ក្រានបាត់ដំបង ឆ្នាំ២០២៦ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានត្រៀមប្រើប្រាស់កងកម្លាំងសរុបចំនួន ៥៥៨នាក់ ដោ​យរួមសហការជាមួយសមត្ថកិច្ច អាជ្ញា​ធរពាក់ព័ន្ធ ប្រជាការពារផងដែរ ដើម្បីធានាសន្តិ​សុខ សុវត្ថិភាពជូនបងប្អូនប្រជា​ពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានចូលមកលេងកម្សាន្តក្នុងភូមិសាស្ត្រទឹកដីខេត្ត​បាត់ដំបង ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ ខែមេ​សា ដល់​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២​៦។

ផ្អែកតាមស្ថានភាពជាក់ស្តែង និងបទពិសោធកន្លងមកក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរខាងលើដោយសារមានការមមាញឹកខ្លាំង បងប្អូនប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តកុះករច្រើន ចាំបាច់តម្រូវឱ្យមន្ត្រីជំនាញបិទចរាចរណ៍នៅផ្នែកខ្លះៗតាមបច្ចេកទេស តាមភាពជាក់ស្តែងដែលអាចសម្រួលទៅបានដូចជា ការធ្វើចរាចរណ៍នូវយានយន្តធំ តូចឆ្លងកាត់ស្ពានទៅមកត្រូវបិទជាអន្លើ ប៉ុន្តែត្រូវបានសម្រួលបញ្ចៀសធ្វើដំណើរតាមកំណាត់ផ្លូវផ្សេងៗជំនួសវិញ។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន​ចាន់ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបងបានបន្តថា៖ ទន្ទឹមគ្នាជាមួយនឹងការត្រៀមលក្ខណៈរួចជាស្រេចនេះ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេស​ចរណ៍ជាតិ និងអន្តរជាតិ អញ្ជើញ សប្បា​យរីករាយនៅក្នុងទឹកដីខេត្តបាត់ដំបងដោយភាពកក់ក្តៅ កងកម្លាំងនគរបាលជំនាញទាំងអស់បានប្តេជ្ញាសហការរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដោយការទទួល​ខុសត្រូវខ្ពស់បំផុត៕

អត្ថបទ៖ ដំបងក្រញូង

Share.