ស្របពេលដែលរដ្ឋាភិបាលថ្មីរបស់លោក អានុទិន ឆាន់វីរៈគុល ទើបតែស្បថចូលកាន់តំណែងមិនទាន់បានប៉ុន្មានផង វិធានការដំបូងដែលលោកបានលើកយកមកបង្ហាញ ហាក់ដូចជាការផ្តល់កាដូដ៏ជូរចត់ឱ្យពលរដ្ឋថៃទៅវិញ។ គម្រោងបង្ខំឱ្យបិទស្ថានីយ៍ចាក់ប្រេងនៅពេលយប់ ចាប់ពីម៉ោង ១០យប់ ដល់ ៥ព្រឹក ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី២០ ខែមេសា នេះ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក និងបង្ហាញពីភាពទន់ខ្សោយនៃយុទ្ធសាស្ត្រថាមពលរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន។

ជំនួសឱ្យការស្វែងរកដំណោះស្រាយរចនាសម្ព័ន្ធ កែទម្រង់ពន្ធ ឬការចរចាការទូត ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា លោកនាយករដ្ឋមន្ត្រីថៃរូបនេះ បែរជាជ្រើសរើសវិធានការ «ច្របាច់ក» សកម្មភាពសេដ្ឋកិច្ច និងតម្រូវការចាំបាច់របស់សាធារណជនទៅវិញ។ ការបង្ខំឱ្យបិទស្ថានីយ៍ចាក់ប្រេងសាំងនៅពេលយប់ មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចពេលរាត្រី និងការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃការបរាជ័យក្នុងការគ្រប់គ្រងសន្តិសុខថាមពលជាតិ ទោះបីជាលោកអះអាងថា ថៃមានប្រេងបម្រុងខ្ពស់ក៏ដោយ។

ទោះបីជាវិធានការបិទស្ថានីយ៍ចាក់ប្រេងសាំងពេលរាត្រី មិនទាន់អនុវត្តភ្លាមៗ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅលេងស្រុករបស់ប្រជាជនថៃអំឡុងចូលឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃទី ១៣ មេសា ក៏ដោយ ក៏គេបានចាត់ទុកថាជាយុទ្ធសាស្ត្រនយោបាយបែបលួងចិត្តក្មេង ដើម្បីឱ្យពលរដ្ឋខ្លួនសប្បាយចិត្តមួយពេលប៉ុណ្ណោះ ព្រោះរដ្ឋាភិបាលដឹងយ៉ាងច្បាស់ថា ប្រជាជននឹងមិននៅស្ងៀមឡើយ ប្រសិនបើពួកគេមិនអាចធ្វើដំណើរទៅស្រុកកំណើតបាន។ យ៉ាងណាម៉ិញ ការផ្ដល់ឱ្យនូវសេចក្តីសុខបណ្ដោះអាសន្ន រួចដកហូតមកវិញនូវសិទ្ធិប្រើប្រាស់ថាមពលក្រោយចប់បុណ្យចូលឆ្នាំ គឺជាទង្វើមិនស្មោះត្រង់ចំពោះម្ចាស់សន្លឹកឆ្នោតនោះទេ។

អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ការដែលលោក អានុទិន កាលពីសប្តាហ៍មុន បានវាយប្រហារយ៉ាងខ្លាំងលើក្រុមអាជីវករលក់ប្រេងថាជាអ្នកកេងចំណេញហួសហេតុ និងបង្កឱ្យមានការខ្វះខាតតាមរយៈការស្តុកទុក ឬរត់ពន្ធនោះ មើលទៅហាក់ដូចជា ការព្យាយាមរកមុខសញ្ញាទម្លាក់កំហុស ដើម្បីបង្វែរការរិះគន់ចេញពីរដ្ឋាភិបាល ដែលមិនអាចគ្រប់គ្រងតម្លៃសាំងដែលបានហក់ឡើងខ្លាំងកាលពីចុងខែមីនា និងដើមខែមេសាកន្លងទៅ ទៅវិញទេ។

ប្រសិនបើប្រទេសថៃ ពិតជាមានប្រេងបម្រុងច្រើនដូចការអះអាងមែន តើហេតុអ្វីបានជាចាំបាច់ត្រូវប្រើវិធានការខ្លាំងក្លាដូចជាការបិទការ៉ាស់សាំង? ការដែលលោកនាយករដ្ឋមន្ត្រីប្រាប់ឱ្យពលរដ្ឋធ្វើការពីផ្ទះ និងធ្វើដំណើរតាមរថយន្ដក្រុង គឺជាការនិយាយដែលមិនឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលនៅមានកម្រិត និងតម្រូវការការងារដែលមិនអាចធ្វើតាមអនឡាញបានសម្រាប់មនុស្សភាគច្រើន។

ជារួម វិធានការបិទការ៉ាស់សាំងនេះ ហាក់ដូចជាការឆ្លើយតបបែប «ភ័យស្លន់ស្លោ» ជាងជាការរៀបចំយុទ្ធសាស្ត្រ។ ប្រជាជនថៃមិនត្រូវការរដ្ឋាភិបាលដែលពូកែតែខាង «សុំឱ្យសន្សំ» ឬ «គំរាមបិទ» នោះទេ ប៉ុន្តែពួកគេត្រូវការ គឺអ្នកដឹកនាំដែលមានសមត្ថភាពការពារស្ថិរភាពសេដ្ឋកិច្ច និងហ៊ានទទួលខុសត្រូវចំពោះមុខវិបត្តិ ដោយមិនយកពលរដ្ឋធ្វើជាចំណាប់ខ្មាំងនៃគោលនយោបាយទាល់ច្រករបស់ខ្លួនឡើយ៕

ប្រភព៖ CNA

Share.