នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ ម្សិលមិញនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC ) បានប្តេជ្ញាចិត្តបន្តពង្រឹងភាពជាដៃគូសហការ ដើម្បីជំរុញការអភិវឌ្ឍវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ឱ្យកាន់តែរីកចម្រើន មានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងរក្សាបានទីផ្សារនាំចេញ។

ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Enjoy Ho ប្រធានសមាគម TAFTAC ថ្មីសម្រាប់អាណត្តិទី១៧ (២០២៦-២០២៨) ព្រមទាំងគណៈកម្មការប្រតិបត្តិថ្មី នារសៀលថ្ងៃទី៧ ខែមេសា នៅទីស្តីការក្រសួង។ វិស័យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ដោយបានបង្កើតការងារដោយផ្ទាល់ជូនកម្មករនិយោជិតប្រមាណ ១,២ លាននាក់និងអ្នកទទួលផលប្រយោជន៍ដោយប្រយោលប្រមាណជាង ៣ លាននាក់។
ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់សមាគម TAFTAC ដែលបានប្រតិបត្តិការប្រកបដោយជោគជ័យជិត ៣០ ឆ្នាំមកហើយ។ ឯកឧត្តមក៏បានអបអរសាទរចំពោះលោក Enjoy Ho ដែលត្រូវបានបោះឆ្នោតជាប្រធានសមាគម ដោយជឿជាក់ថា ក្រោមការដឹកនាំថ្មី សមាគមនឹងកាន់តែមានសាមគ្គីភាព និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកថា TAFTAC (អតីត GMAC ជីម៉ាក់) គឺជាដៃគូប្រវត្តិសាស្ត្រដ៏ស្និទ្ធស្នាលរបស់ក្រសួង។ លោកបានគូសបញ្ជាក់ថា ប្រសិនបើមិនមានវត្តមានសមាគមទេ នោះវិស័យនេះក៏មិនអាចរីកចម្រើនបានដល់កម្រិតនេះដែរ។ ឯកឧត្តមបានលើកឡើងពីតួនាទីដ៏សំខាន់របស់សមាគម ជាពិសេសក្នុងអំឡុងពេលចរចាបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសមាគមបានជួយពន្យល់ពីការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងតួនាទីសំខាន់របស់កម្មការិនី។
សមាគមមួយនេះ ក៏បានសម្របសម្រួលជាមួយសមាជិកក្នុងការផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន២,៥០ ដុល្លារអាមេរិក បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដើម្បីជួយសម្រាលទុក្ខកម្មករនិយោជិតក្នុងអំឡុងវិបត្តិតម្លៃប្រេងឥន្ធនៈជាសកលផងដែរ។

សូមជម្រាបថា ជំនួបពិភាក្សានេះបានបញ្ជាក់ពីទំនាក់ទំនងសហការប្រកបដោយភាពសុខដុម និងការគោរពគ្នាទៅវិញទៅមក ដែលបានកសាងអស់រយៈពេលជិតបីទសវត្សរ៍។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹងភាពជាដៃគូ ដើម្បីធានាថាវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងរបស់កម្ពុជា បន្តរីកចម្រើនប្រកបដោយចីរភាព សមធម៌ និងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ៕

