ក្នុងពេលដំណាលគ្នាដែលកម្ពុជាកំពុងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសលោកខាងលិចដូចជាប្រទេសបារាំង ដើម្បីបង្កើនភាពបត់បែនក្នុងទំនាក់ទំនងអន្តរជាតិ កម្ពុជាក៏កំពុងតែបង្កើននិងពង្រីកទំនាក់ទំនងប្រពៃណីជាមួយមហាអំណាចដទៃទៀតផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញទៅទទួលស្វាគមន៍ដោយផ្ទាល់ នាវាចម្បាំងរុស្ស៊ីចំនួនពីរគ្រឿង ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សកម្មភាពនេះជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា កម្ពុជាកំពុងដើរលើផ្លូវនយោបាយការបរទេសដែលមានតុល្យភាព និងពហុភាគីនិយម។

នាវាទាំងពីរគ្រឿងរួមមាន នាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី បាននាំមកនូវនាវិកសរុបប្រហែល ២៦២ នាក់។

ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនេះ មិនមែនគ្រាន់តែជាដំណើរទស្សនកិច្ចផ្លូវការនោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រទេសទាំងពីរក្នុងការពង្រឹងចំណងមិត្តភាពយោធាប្រពៃណីដែលមានជាយូរយារណាស់មកហើយ។

ថ្លែងក្នុងឱកាសទទួលស្វាគមន៍នាវាចម្បាំងរុស្ស៊ី ប្រមុខដឹកនាំក្រសួងការពារជាតិនៃព្រះរាជាណឆចក្រកម្ពុជាបានសម្តែងនូវសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពស្អិតល្មួតថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលមន្ត្រីយោធាកម្ពុជាដោយរុស្ស៊ី អាចជួយលើកកម្ពស់សមត្ថភាពកងយោធពលខេមរភូមិន្ទ ជាពិសេសក្នុងបច្ចេកវិទ្យាការពារជាតិថ្មីៗ។ ចំណែកការធ្វើសមយុទ្ធរួមគ្នាវិញ នឹងជួយបង្កើនការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ ដូចជាអំពើជួញដូរគ្រឿងញៀន អំពើនាវាចរណ៍ និងការគំរាមកំហែងផ្សេងៗទៀត។

គេនៅចាំបានថា ក្នុងសម័យសង្គ្រាមត្រជាក់ រុស្ស៊ី ឬអតីតសហភាពសូវៀត ធ្លាប់ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជា ជាពិសេសក្នុងវិស័យយោធា និងបច្ចេកវិទ្យា។ ការវិលត្រឡប់មកវិញនូវវត្តមានយោធារុស្ស៊ីនៅកំពង់ផែក្រុងព្រះសីហនុ បានបង្ហាញថា ទំនាក់ទំនងមួយនេះកំពុងរស់ឡើងវិញបន្តិចម្តងៗ ហើយក៏ជាសញ្ញាបង្ហាញពីកិច្ចខិតខំប្រឹងប្រែងពង្រឹងវិស័យការពារជាតិរបស់កម្ពុជានៅក្នុងដំណាក់កាលដែលពិភពលោកកំពុងតែមានភាពវឹកវរនិងមិនស្ងប់សុខផងដែរ។

គួឱ្យចាប់អារម្មណ៍ថា ការផ្លាស់ប្តូរទាំងបទពិសោធន៍ និងបច្ចេកទេស យ៉ាងសកម្មរវាងមហាអំណាចលោកខាងលិច និងមហាអំណាចដូចជារុស្ស៊ី បានបង្ហាញថា កម្ពុជាកំពុងប្រើភាពឆ្លាតវៃខាងការទូត ពីព្រោះក្នុងបរិបទដែលការប្រកួតប្រជែងរវាងមហាអំណាចកាន់តែខ្លាំងឡើង ប្រទេសតូចៗដូចជាកម្ពុជាត្រូវការចាំបាច់គឺ ភាពបត់បែន ដើម្បីអាចរក្សាបាននូវអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ៕

Share.