បាត់ដំបង÷ ករណីបុរសម្នាក់លួចលាក់នាំបារីឆ្លងដែនចូលទឹកដីថៃល្មើសច្បាប់ក្នុងខេត្តបាត់ដំបង នគរបាលអ្នកនាំពាក្យចេញសេចក្តីបញ្ជាក់ដល់មហាជន។

ក្រោយមានការបែកធ្លាយនូវក្លីបវីដេអូខ្លីមួយក្លីបបង្ហាញជាសាធារណ:ពាក់ព័ន្ធនឹងបុរសម្នាក់បានជញ្ជូនស្បោងបារីក្បែរអូរត្រង់ចំណុចកាស៊ីណូតំបន់ព្រំដែនក្នុងស្រុកកំរៀង ខេត្តបាត់ដំបងជាហូរហែមក នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦នេះស្នងការនគរបាលខេត្ត ការិយាល័យអ្នកនាំពាក្យបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ថា÷ ករណីលួចនាំបារីឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ពិតជាមានពិតប្រាកដមែន។

ចំណុចដែលជនសង្ស័យធ្វើសកម្មភាពខុសនឹងច្បាប់នេះបានកើតឡើងនៅត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ សំណុំរឿងដដែលនេះសមត្ថកិច្ចនគរបាលបាននឹងកំពុងបន្តនីតិវិធីតាមជំនាញ និងតាមផ្លូវច្បាប់ហើយ។

កន្លងមកតាមការអះអាងរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយតំបន់ព្រំដែនស្រុកកំរៀងបានបង្ហើបឲ្យដឹងថា÷ បទល្មើសលួចលាក់នាំបារីចូលក្នុងទឹកដីថៃកើតមានឡើងរាប់ឆ្នាំមកហើយ ប៉ុន្តែគេមិនដែលឃើញមានសមត្ថកិច្ចចុះបង្ក្រាបឡើយ រហូតការជូញដូរនាំបារី ទំនិញផ្សេងៗចេញចូលឆ្លងដែនខុសច្បាប់នេះសឹងតែជាមុខរបរស្របច្បាប់ដោយរលូនរបស់ក្រុមឈ្មួញខិលខូចតូចធំនៅតែបន្តដល់បច្ចុប្បន្នទោះជាស្ថានភាពប្រទេសកម្ពុជា ថៃ ប៉ះទង្គិចប្រដាប់អាវុធ និងមានការឈ្លានពានពីភាគីថៃឈានដល់ការបិទច្រកទ្វារព្រំដែនទាំងអស់ក៏ដោយ។

គួរបញ្ជាក់ថា÷ សកម្មភាពបុរសម្នាក់ដែលបានជញ្ជូនស្បោងបារីទាំងថ្ងៃ ហើយថតជាប់ដោយកាម៉ារាសុវត្ថិភាពខាងលើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចបង្ហាញថា បានកើតមានឡើងនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦កន្លងមក៕

អត្ថបទ៖ ដំបងក្រញូង

Share.