ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាចៅស្រីបង្កើត ក្រោយធ្វើសកម្មភាពចាក់សម្លាប់យាយបង្កើតខ្លួន ព្រោះតែខឹងរឿងហាមឃាត់មិនឲ្យមានស្នេហា ក្នុងវ័យសិក្សា។
ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ៣អា តាមបណ្តោយផ្លូវលេខ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ទី គង់ ភេទស្រី អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ជនសង្ស័យ ទី១.ឈ្មោះ សេង ច័ន្ទបូណ៍មី អាយុ ១៩ឆ្នាំ និងទី២.ឈ្មោះ សេង ហេង សានីកា អាយុ ១៨ឆ្នាំ អ្នកទាំងពីរ ស្នាក់នៅផ្ទះកើតហេតុ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឲ្យដឹងថា បន្ទាប់ពីមានការរាយការណ៍ពីគ្រួសារសាច់ញាតិ ថាមានមនុស្សស្លាប់នៅក្នុងមូលដ្ឋាន ភ្លាមៗសមត្ថកិច្ច បានរាយការណ៍បន្តជូនមន្ត្រីជំនាញចក្ខុកោសល្យវិច័យ ហើយបានចុះទៅត្រួតពិនិត្យសព បែរជារកឃើញមានស្លាកស្នាម កាំបិតពីក្រោយខ្នង។ ទើបកម្លាំងសមត្ថកិច្ច បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ចំនួន ០២នាក់ ជាចៅស្រីបង្កើត ដែលស្នាក់នៅជាមួយគ្នា នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលរាជធានីភ្នំពេញ។


ជនសង្ស័យទាំង ០២នាក់ បានសារភាពចំពោះមុខសមត្ថកិច្ចថា កាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ដោយខ្លួនបានយកកាំបិតចុងស្រួច ចាក់ទៅលើលោកយាយពីក្រោយខ្នងចំនួន ១កាំបិត បណ្តាលឲ្យហូរឈាមស្លាប់តែម្តង។ មូលហេតុ ខ្លួនបានគុំកួនជាមួយលោកយាយជាយូរមកហើយ ព្រោះតែលោកយាយ បានហាមឃាត់ខ្លួនមិនឲ្យមានស្នេហាក្នុងវ័យសិក្សា។
បច្ចុប្បន្ន សមត្ថកិច្ច បានកសាងសំណុំរឿងជនសង្ស័យទាំង ០២នាក់ បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់៕
អត្ថបទ៖ សេង សាវី

