ដើម្បីធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ អដ្ឋស័ក ដែលចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្តីណែនាំសំខាន់ៗ ដើម្បីបង្ការគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារអាកាសធាតុក្តៅខ្លាំង។

វិធានការសំខាន់ៗរួមមាន៖

១- ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោមបណ្តាលឱ្យមានអគ្គិភ័យកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

២- នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារឯកជន គេហដ្ឋាន និងទីកន្លែងសប្បាយភាពនានា ព្រមទាំង បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះដើមហេតុដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូប-ទៀន ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ។ល។ ដោយត្រូវពិនិត្យឱ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យដែលធ្វើឱ្យ បាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។

៣- ចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំមធ្យោបាយឱ្យ បានគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ការកើតមានជាយថាហេតុនូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់៕

Share.