នៅពេលដែលយន្តហោះ ដឹក មេដឹកនាំកម្ពុជាចុះចតនៅទឹកដីបារាំងភ្លាម យើងគ្រប់គ្នាគិតតែមួយជ្រុងប៉ុណ្ណោះគឺទៅទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំនៅប្រទេសបារាំង តែតាមធាតុពិត នេះមិនមែនគ្រាន់តែដើម្បីចូលរួមកិច្ចប្រជុំផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែដើម្បីឆ្លៀតជួប ឬឆ្មក់ជួប ពិភាក្សាក្រៅផ្លូវការជាមួយមេដឹកនាំពិភពលោក ថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិ និងឥស្សរជនសកល ដើម្បីបង្ហាញភាពចាស់ទុំនយោបាយតាមរយៈសកម្មភាពការទូតដ៏ប៉ិនប្រសប់របស់ប្រមុខដឹកនាំប្រទេសខ្មែរទៅវិញទេ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និងទំព័រផេកផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសកម្មភាពជាច្រើន ដែលសបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាលែងជាកូនក្មេង ឬក្មេងខ្ចីក្នុងឆាកការទូតអន្តរជាតិទៀតហើយ ឧទាហរណ៍ជាក់ស្ដែងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ គឺជាថ្ងៃដ៏មមាញឹកមួយសម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី «និម្មាបនកម្មសុខភាពសាកល» និងកិច្ចប្រជុំកំពូល «One Health» នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ដោយសម្ដេចធិបតី មិនបានអង្គុយរង់ចាំការរៀបចំជំនួបជាផ្លូវការស្ងៀមៗនោះទេ ពោលគឺសម្ដេចធិបតីបានឆ្លៀតឱកាសឆ្មក់ជួបឥស្សរជនសំខាន់ៗជាបន្តបន្ទាប់តាមរយៈកិច្ចសន្ទនាផ្ទាល់មាត់តែម្ដង។
ក្នុងពេលវេលាដ៏មានសារៈសំខាន់នោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្តម John Dramani Mahama ប្រធានាធិបតីហ្កាណា, ឯកឧត្តម Duma Gideon Boko ប្រធានាធិបតីបុតស្វាណា និង ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង ក្នុងឱកាសចូលរួមប្រជុំកំពូល One Health Summit នៅទីក្រុងលីយ៉ុង ប្រទេសបារាំង។ បន្ទាប់មកសម្ដេចធិបតីឆ្លៀតជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្ដម Akihiko Nishio អនុប្រធានធនាគារពិភពលោកទទួលបន្ទុកការអភិវឌ្ឍហិរញ្ញវត្ថុ មុនពេលចូលរួមកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយ ។


ក្នុងការបង្ហាញពីការយកចិត្តទុកដាក់លើវិស័យអប់រំ និងវប្បធម៌ និងការពង្រីកទំនាក់ទំនងជាមួយទ្វីបអាហ្វ្រិក ដែលកម្ពុជាកម្រនឹងផ្តោតអារម្មណ៍នោះ សម្ដេចធិបតី បានបន្តឆ្លៀតជួបពិភាក្សាក្រៅផ្លូវការជាមួយ លោកសាស្ត្រាចារ្យបណ្ឌិត Khaled EI Enany អគ្គនាយកអង្គការ UNESCO មុនពេលចូលរួមកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយ។
នេះចាត់ថាជាជំហ៊ានជាដំបូងៗនៅទឹកដីនៃប្រទេសបារាំដែលមេដឹកនាំកម្ពុជាបានភាពចាស់ទុំខាងនយោបាយ ព្រោះថាការទូតមិនមែនគ្រាន់តែជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅលើតុប្រជុំធំៗនោះទេ។ ប្រាកដណាស់ ការទូត ត្រូវកើតឡើងនៅតាមច្រករបៀងក្នុងបន្ទប់សម្រាក និងតាមរយៈការជជែកក្រៅផ្លូវការដែលគ្មានកាមេរ៉ាថត ដូចសកម្មភាពដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញឱ្យយល់យ៉ាងច្បាស់ពីច្បាប់មាសនៃផ្នែកការទូតមួយនេះ។

សូមជម្រាបថា ដំណើរទស្សនកិច្ចនៅបារាំងនេះ នឹងបន្តរហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៦ ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងជួបទ្វេភាគីបន្ថែមទៀតជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់ដឹកនាំប្រទេសផ្សេងៗទៀត។ ប្រសិនបើយុទ្ធសាស្ត្រនេះទទួលបានជោគជ័យ នោះយើងអាចនឹងឃើញកម្ពុជាក្លាយជាមជ្ឈមណ្ឌលទំនាក់ទំនង មួយនៅក្នុងតំបន់អាស៊ានដែលមហាអំណាចទាំងអស់ចង់ជួបនិយាយជាមួយ៕

