កំពង់ស្ពឺ៖ ជនសង្ស័យចំនួន ២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀន ស្នងការខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានបន្តបន្ទាប់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៦ នៅចំណុ​ចភូ​មិ​ក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង២នាក់ ១.ឈ្មោះ វង់ ស៊ីថា ហៅញ៉ាញ់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។ ២.ឈ្មោះ ឯម ស្រីនា ភេ​ទស្រី អា​​យុ ៣៥ឆ្នាំ (ត្រូវជា​ប្រពន្ធ) នៅ​ចំ​ណុចភូមិត្រស់សាលា សង្កាត់ស្វា​យក្រវ៉ាន់ ក្រុងច្បារមន។

តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងក្រោមការ​សម្របសម្រួលនីតិវិធីពី​ឯ​កឧត្ដម​ សុិន​ វិរៈ​ ព្រះរាជអាជ្ញា​ នៃអយ្យការ​អមសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ បង្ក្រាបបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យជាប្តី នៅចំណុចខាងលើ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានគ្រឿងញៀនចំនួន ​២​កញ្ចប់ធំ, ទូរស័ព្ទ ១​គ្រឿង, ម៉ូតូ ១គ្រឿង និងបន្តទៅឆែកឆេរផ្ទះ នៅថ្ងៃទី០៧ ខែមេសា សមត្ថកិច្ចដកហូតបាន ថ្នាំញៀន ប្រភេទមេតំហ្វេតា​មី​នចំនួន ៣២កញ្ចប់ (ធំ១២,តូច២០) ប្រភេទម្សៅខេ​(K)ចំនួន ២កញ្ចប់, ប្រភេទអ៊ឹមឌីអ៊ឹមអេ (MDMA) ចំនួ​ន ៤៩កញ្ចប់, ម្សៅប្រភេទJNX ចំនួ​ន​ ៦កំប៉ុង, ម្សៅម៉ដ្ឋរូបស្លឹកឈើចំនួន ៤​កញ្ចប់ធំ, បារីអេឡិចត្រូនិចចំនួន ៣​៩ដើម, ទឹ​កអាកុលចំនួន ៣លីត្រ, ឧបករ​ណ៍​កែច្នៃផលិ​តគ្រឿងញៀនមួយចំនួ​ន​, កាំបិត ១ដើម, អាវុធកែ​ច្នៃ ១​ដើម, វ៉ា​លីចំនួន២, ថង់សម្រា​ប់វេចខ្ចប់គ្រឿងញៀនមួ​យចំនួន។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យជាប្តីបាន កម្លាំងសមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យជាប្រពន្ធ នៅ​ចំ​ណុចភូមិត្រស់សាលា សង្កាត់ស្វា​យក្រវ៉ាន់ ក្រុងច្បារមន។ ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរ និងកសាងសំណុំរឿងនៅស្នងការខេត្តកំពង់ស្ពឺ ដើម្បីបញ្ជូនទៅតុលាកាខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ តាតុងសែនជ័យ

Share.