កំពង់ធំ៖ សមត្ថកិច្ចខេត្តកំពង់ធំ បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីប្រើពូថៅកាប់សម្លាប់អ្នកភូមិម្នាក់ ដោយសង្ស័យថាជនរងគ្រោះ «ចេះអាបធ្មប់»។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩:១០នាទី ព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នៅភូមិសំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជនដៃដល់មានឈ្មោះ រី រន អាយុ ៣៤ឆ្នាំ ខណៈជនរងគ្រោះឈ្មោះ ជា វណ្ណៈ អាយុ ៣២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។


តាមការសាកសួរដំបូង មូលហេតុបង្កឲ្យមានអំពើឃាតកម្មនេះ គឺដោយសារជនដៃដល់មានកំហឹង និងចោទប្រកាន់ថាជនរងគ្រោះចេះអំពើអាបធ្មប់។ ក្រោយពេលធ្វើសកម្មភាព ជនដៃដល់បានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចដេញតាមចាប់ខ្លួនបានភ្លាមៗ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
អត្ថបទ៖ ឈិត សំបូរ

