កាលពីថ្ងៃទី៧ខែមេសា លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា លោកស្រី ShellyKittleson អ្នកសារព័ត៌មានអាមេរិកដែលត្រូវបានចាប់ពង្រត់ត្រូវបានដោះលែងពីក្រុមប្រដាប់អាវុធក្នុងប្រទេសអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់វិញហើយ។

មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអ៊ីរ៉ាក់បានបង្ហើបឱ្យដឹងថារដ្ឋាភិបាលអ៊ីរ៉ាក់បានទទួលស្វាគមន៍លោកស្រី Kittleson រួចរាល់ហើយនិងកំពុងរៀបចំកិច្ចការងារសម្រាប់ការធ្វើដំណើររបស់លោកស្រី។ ក្រៅពីនេះរដ្ឋាភិបាលក៏បានបញ្ជាក់ផងដែរថា ខ្លួនបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាឱ្យបាននូវសុវត្ថិភាពរបស់លោកស្រី។


លោកស្រីKittleson ដែលជាអ្នកជំនាញខាងរាយការណ៍ព័ត៌មាននៅមជ្ឈិមបូព៌ា ត្រូវបានក្រុម Kata’ib Hezbollah ដែលជាក្រុមប្រដាប់អាវុធក្នុងប្រទេសអ៊ីរ៉ាក់គាំទ្រដោយអ៊ីរ៉ង់ចាប់ខ្លួនទៅកាលពីថ្ងៃទី៣១ ខែមីនា កន្លងទៅ។លោកRubio បានបញ្ជាក់ថា៖ «ក្រសួងការបរទេសសហរដ្ឋអាមេរិកសូមសម្ដែងនូវការដឹងគុណចំពោះការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ក្រសួងការពារជាតិមន្ត្រីអាមេរិកមកពីស្ថាប័នជាច្រើន និងក្រុមប្រឹក្សាវាលនៃស្ថាប័នតុលាការកំពូលរបស់អ៊ីរ៉ាក់រួមទាំងដៃគូរបស់យើងនៅក្នុងប្រទេសអ៊ីរ៉ាក់សម្រាប់ការផ្ដល់ជំនួយក្នុងការដោះលែងលោកស្រីឱ្យមានសេរីភាព»។



ចំណែកលោក Abu Mujahid al-Assaf ប្រធានផ្នែកសន្តិសុខនៃក្រុមKata’ib Hezbollah បាននិយាយថាក្រុមរបស់លោកបានសម្រេចចិត្តដោះលែងលោកស្រី Kittleson «ក្រោមលក្ខខណ្ឌថាលោកស្រីត្រូវតែចាកចេញពីប្រទេសនេះជាបន្ទាន់»។
ប្រភពដែលដឹងច្បាស់ពីបញ្ហានេះបានបញ្ជាក់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានព្រមានលោកស្រី Kittleson មុនពេលលោកស្រីបាត់ខ្លួនមិនយូរប៉ុន្មានអំពីផែនការរបស់ក្រុម Kata’ib Hezbollah ក្នុងការចាប់ពង្រត់ឬសម្លាប់លោកស្រី។


ការព្រមាននោះបានកើតឡើងខណៈដែលលោកស្រីកំពុងរាយការណ៍ព័ត៌មាននៅក្នុងប្រទេសអ៊ីរ៉ាក់។ការចាប់ពង្រត់នេះ បានធ្វើឱ្យកងកម្លាំងរក្សាសន្តិសុខរបស់អ៊ីរ៉ាក់ចាប់ផ្ដើមប្រតិបត្តិការតាមដានអ្នកទទួលខុសត្រូវនិងស្វែងរកជំនួយដើម្បីឱ្យលោកស្រីត្រូវបានដោះលែង។ មន្ត្រីអាមេរិកម្នាក់បាននិយា
យថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានតាមដានការចាប់ពង្រត់នេះយ៉ាងយកចិត្តទុកដាក់និងបានធ្វើការរួមគ្នាជាមួយអ៊ីរ៉ាក់ ដើម្បីជួយលោកស្រីឱ្យមានសេរីភាពឡើងវិញ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីរ៉ាក់បានព្រមានពលរដ្ឋអាមេរិកជាហូរហែឱ្យចាកចេញពីប្រទេសចាប់តាំងពីជម្លោះជាមួយអ៊ីរ៉ង់បានចាប់ផ្ដើមឡើងកាលពីចុងខែកុម្ភៈ ដោយបានព្រមានថាកងកម្លាំងជាប់ពាក់ព័ន្ធនឹងអ៊ីរ៉ង់ អាចនឹងព្យាយាមចាប់ពង្រត់ជនជាតិអាមេរិក។ស្ថានទូតបានសង្កត់ធ្ងន់ថា៖ «សូមកុំធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់មិនថាដោយសារហេតុផលណាក៏ដោយ ហើយសូមចាកចេញពីប្រទេសនេះជាបន្ទាន់ប្រសិនបើអ្នកកំពុងស្នាក់នៅទីនោះ»៕

