បាត់ដំបង÷ ភ្លៀងកក់ខែមួយមេធំលាយឡំជាមួយនឹងផ្គររន្ទះបានបាញ់ចំបុរសម្នាក់ ខណ:កំពុងធ្វើដំណើរពាក់កណ្តាលផ្លូវ។
សមត្ថកិច្ចបានប្រាប់ឲ្យអោយដឹងថា÷ ករណីរន្ទះបាញ់បណ្តាលឲ្យស្លាប់មនុស្សម្នាក់នេះបានកើតឡើងនៅវេលាម៉ោងជិត ១២:០០នាទីថ្ងៃត្រង់ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ ត្រង់ចំណុចបណ្តោយផ្លូវក្បែរវាលស្រែមួយកន្លែងឋិតក្នុងភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។


ជនរងគ្រោះមានឈ្មោះសាយ សម្បត្តិ ហៅជាក់ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ស្នាក់នៅចាំចម្ការស្វាយអោយគេ ជាអកុសត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅទីតាំងកើតហេតុខាងលើ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា÷ នៅអំឡុងម៉ោងប្រមាណជិត ១២:០០នាទីថ្ងៃត្រង់ក្រោយផ្ទៃមេឃស្រទុំអួអាប់ធ្លាក់ខ្យល់បោកបក់ខ្លាំង និងលាយឡំជាមួយភ្លៀងផងនោះក៏មានរន្ទះបាញ់បានបាញ់ឡើងចំនួន ២លើកម្តុំក្បែរគាត់លាន់សូរសំឡេងយ៉ាងកក្រើក បានបន្តិចគាត់ក៏សម្រេចចិត្តចេញពីទីជម្រកឆ្ពោះទៅកាន់ផ្ទះទាំងមេឃរលឹម និងភ្លៀងចេញបានចម្ងាយប្រហែល ១គីឡូម៉ែត្រ ក៏បានប្រទះឃើញមនុស្សប្រុសម្នាក់ដេកស្តោកលើផ្លូវក្បែរម៉ូតូ ភ្លាមៗគាត់ក៏រូតរះទៅប្រាប់អ្នកភូមិ លុះអ្នកភូមិផ្អើលមកពិនិត្យមើលទើបដឹងថាបុរសជនរងគ្រោះបានស្លាប់បាត់ទៅហើយសង្ស័យរន្ទះបានបាញ់ត្រូវទាំងសភាពអាវមានស្នាមធ្លុះ និងឆេះខ្លោច។
ជាមួយគ្នាសមត្ថកិច្ចជំនាញស្រុកបវេល សហការជាមួយគ្រូពេទ្យបង្អែកស្រុក បានចុះធ្វើការត្រួតពិនិត្យល្អិតល្អន់ និងបានសាកសួរសាក្សីបំភ្លឺ រួមទាំងស្លាកស្នាមលើដងខ្លួនរបស់ជនរងគ្រោះបានសន្និដ្ឋានបឋមថាជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន៕
អត្ថបទ: ដំបងក្រញូង
