បាត់ដំបង÷ រដ្ឋបាលខេត្តបាត់ដំបងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីនេះផ្តោតសំខាន់លើការកៀរគរធនធានដើម្បីជួយគាំទ្រដល់វីរកងទ័ពជួរមុខ និងរៀបចំម្ហូបអាហារ បង្អែមខ្មែរអ្នកខេត្តបាត់ដំបងជូនភ្ញៀវភ្លក់សេរី។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦នេះ ឯកឧត្តម សុខ លូអភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា÷ ការរៀបចំសង្រ្កាន្តបាត់ដំបងឆ្នាំ ២០២៦ខាងមុខនេះធ្វើឡើងដើម្បីអបអរសាទរទទួលទេវតាពិធីបុណ្យចូលឆ្នាំថ្មី និងលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ពិសេសជាងនេះទៀតក៏ដើម្បីកៀរគរធនធានផងដែរជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខរបស់យើង។

សង្ក្រាន្តបាត់ដំបងឆ្នាំថ្មីខាងលើនេះ ថែមទាំងបានរៀបចំបូកបញ្ចូលនូវកម្មវិធីសិល្បៈច្រើនទម្រង់ដូចជាការសម្ដែងល្ខោនខោល របាំផ្សេងៗ ការប្រគំតន្ត្រីបែបចង្វាក់ប្រពៃណី ការរាំលេងកម្សាន្ត លេងល្បែងប្រជាប្រិយរឹតចំណងសាមគ្គីភាពសំដៅបង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំង បង្ហាញនូវផលិតផលនៃបណ្តាក្រុង-ស្រុកទាំង ១៤ ព្រមទាំងការបង្ហាញរបៀបធ្វើម្ហូបអាហារ បង្អែមខ្មែរ និងម្ហូបអ្នកខេត្តបាត់ដំបងជាច្រើនមុខដាក់ឲ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរភ្លក់រសជាតិពិតអ្នកខេត្តបាត់ដំបងដោយសេរីផងដែរ។

ចុងក្រោយឯកឧត្តម សុខ លូ បានជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាដែលចូលរួមទាំងអស់ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឱ្យបានផុសផុលប្រយោជន៍ទាក់ទាញបងប្អូនប្រជាពលរដ្ឋក្នុង និងក្រៅខេត្ត ភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកលេងកម្សាន្តឱ្យបានច្រើនកុះករថែមទៀត៕

អត្ថបទ: ដំបងក្រញូង

Share.