កំពង់ធំ៖ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីបួងសួងសុំសិរីសួស្តី ដើម្បីអបអរសាទរ និងត្រៀមរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៦» ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរ និងមន្ត្រីរាជការជាច្រើនរូប។




ពិធីបួងសួងនេះ ត្រូវបានរៀបចំឡើងនៅតាមទីតាំងសក្ការៈសំខាន់ៗ រួមមាន លោកតាឥ លោកតាក្រហមក ភ្នំសន្ទុក លោកតាអាចារ្យលាក់ ដាវដែកកំពង់ស្វាយ និងតំបន់ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។




ក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានឧទ្ទិសបួងសួង សូមឱ្យអំណាចបារមីជួយបីបាច់ថែរក្សា និងប្រទានពរជ័យដល់ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងគោរពជូនពរដល់ថ្នាក់ដឹកនាំជាតិគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យក្នុងគ្រប់ភារកិច្ច ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។




ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្ត អញ្ជើញចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» ដែលនឹងមានការរៀបចំកម្មវិធីសប្បាយរីករាយជាច្រើន រួមទាំងការតាំងពិព័រណ៍ និងលក់ផលិតផលខ្មែរ ពី២៥ រាជធានី-ខេត្តផងដែរ។




គួរបញ្ជាក់ថា ទេវតាចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ព្រះនាម «រាក្សសាទេវី» នឹងយាងចុះមកនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹក ដើម្បីប្រសិទ្ធពរជ័យដល់ប្រជានុរាស្ត្រទាំងអស់ ឱ្យមានសុខភាពល្អ និងទទួលបាមជោគជ័យគ្រប់ការងារ៕
