ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសំណេះសំណាលជាមួយមន្ត្រីរាជការ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ហេង សំអាន ប៉ែន កុសល្យ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការទាំងអស់ បានរៀបចំពិធីតាមបែបសាសនា ដោយមានការសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីបណ្តេញគ្រោះចង្រៃឆ្នាំចាស់ និងទទួលពរជ័យសិរីសួស្តីពីទេវតាឆ្នាំថ្មី។

បន្ទាប់ពីពិធីសាសនា ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ព្រមទាំងបានជូនពរដល់មន្ត្រីរាជការទាំងអស់ សូមឱ្យជួបតែសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។គួរបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ខាងមុខនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តត្បូងឃ្មុំ» នៅបរិវេណមុខសាលាខេត្ត ដោយមានកម្មវិធីកម្សាន្តសម្បូរបែប រួមមានល្បែងប្រជាប្រិយខ្មែរ ការប្រគំតន្ត្រី និងសកម្មភាពសប្បាយរីករាយជាច្រើន។

ជាពិសេស នាពេលរាត្រី នឹងមានការប្រគំតន្ត្រីខ្នាតធំ ដោយមានការចូលរួមពីសិល្បករល្បីៗ ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការបាញ់ទឹកតាមចង្វាក់ភ្លេង នៅតំបន់មាត់ទន្លេសិប្បនិម្មិត និងកន្លែងថតរូបអនុស្សាវរីយ៍ជាច្រើនផងដែរ។រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តត្បូងឃ្មុំ» ឱ្យបានច្រើនកុះករ ដើម្បីអបអរសាទរបុណ្យជាតិ ក្នុងបរិយាកាសសាមគ្គីភាព និងសប្បាយរីករាយរួមគ្នា៕

អត្ថបទ÷អាចារ្យលាក់

Share.