ស្ថានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានឈានដល់ចំណុចប្រកាសអាសន្ននៃសង្រ្គាមពេញទំហឹងម្តងទៀត បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញឱសានវាទយ៉ាងម៉ឺងម៉ាត់ថា៖ «ការប្រយុទ្ធគ្នានឹងចាប់ផ្តើម» ប្រសិនបើមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងរយៈពេលវែងជាមួយអ៊ីរ៉ង់។ ការព្រមាននេះធ្វើឡើងចំពេលដែលបទឈប់បាញ់បណ្តោះអាសន្នរយៈពេល ២ សប្តាហ៍ កំពុងរងការគំរាមកំហែងដោយសារតែការរីករាលដាលនៃជម្លោះចូលក្នុងប្រទេសលីបង់ និងការបិទផ្លូវនាវាដឹកប្រេងដ៏សំខាន់របស់ពិភពលោក គឺច្រកសមុទ្រហ័រមូស។

តាមរយៈបណ្តាញសង្គម Truth Social លោក ត្រាំ បានរិះគន់អ៊ីរ៉ង់យ៉ាងខ្លាំងថា កំពុងធ្វើការងារបានយ៉ាង «អន់បំផុត» និង «គួរឱ្យអាម៉ាស់» សម្រាប់ការគ្រប់គ្រងច្រកសមុទ្រហ័រមូស ។ លោក ត្រាំបានព្រមានចំៗចំពោះរឿងដែលថា អ៊ីរ៉ង់ចាប់ផ្តើមប្រមូលថ្លៃធ្វើដំណើរឆ្លងកាត់ពីនាវាដឹកប្រេងក្នុងតំបន់នោះ ដោយសង្កត់ធ្ងន់ថា៖ «ពួកគេគួរតែឈប់ធ្វើបែបនេះភ្លាម»។

សមភាគីអង់គ្លេស តាមរយៈ រដ្ឋមន្ត្រីការបរទេសលោកស្រី អ៊ីវ៉េត ឃូភើ (Yvette Cooper) បានគាំទ្រជំហររបស់ប្រធានាធិបតីអាម៉េរិក ដោយបញ្ជាក់ថា គ្មានប្រទេសណាមួយមានសិទ្ធិបិទផ្លូវនាវាចរណ៍អន្តរជាតិ ឬប្រមូលថ្លៃឆ្លងកាត់តាមអំពើចិត្ត ដែលខុសនឹងច្បាប់សមុទ្រអន្តរជាតិនោះឡើយ។ ចំណែកលោកនាយករដ្ឋមន្ត្រីអង់គ្លេស គា ស្តាមើ ក៏បានពិភាក្សាជាមួយលោក ត្រាំ ដើម្បីរៀបចំផែនការ “ជំហានបន្ទាប់” ក្នុងការបើកច្រកសមុទ្រនេះឱ្យដំណើរការជាធម្មតាវិញឱ្យបានឆាប់បំផុតផងដែរ។

ខណៈដែលអាមេរិកព្យាយាមដាក់សម្ពាធអ៊ីរ៉ង់លើតុចរចា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានប្រកាសយ៉ាងច្បាស់ថា «គ្មានការឈប់បាញ់ក្នុងប្រទេសលីបង់ឡើយ»។ កងទ័ពអ៊ីស្រាអែល បានបន្តវាយប្រហារលើគោលដៅក្រុមហេសបូឡា ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣០៣ នាក់ស្លាប់ និងជាង ១,០០០ នាក់រងរបួស ក្នុងរយៈពេលត្រឹមតែថ្ងៃពុធកន្លងទៅ។

អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការបារម្ភថា ការបញ្ជាឱ្យជម្លៀសខ្លួនពលរដ្ឋនៅក្បែរមន្ទីរពេទ្យធំៗក្នុងទីក្រុងបេរូតពីសំណាក់កងទ័ពអ៊ីស្រាអែល គឺមិនអាចធ្វើទៅរួចឡើយ ដោយសារមានអ្នកជំងឺធ្ងន់ក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ជាង ៤៥០ នាក់ មិនអាចចល័តបាន។

អ្វីដែលគួរឱ្យបារម្ភ និងជាចំណុចចម្រូងចម្រាសបំផុតនៅពេលនេះ គឺវិសាលភាពនៃបទឈប់បាញ់។ ប៉ាគីស្ថាន (ក្នុងនាមជាអ្នកកណ្តាល) និងអ៊ីរ៉ង់ អះអាងថាបទឈប់បាញ់ត្រូវរាប់បញ្ចូលទាំងលីបង់ដែរ ប៉ុន្តែអ៊ីស្រាអែល និងសេតវិមានបានបដិសេធដាច់អហង្ការ។ អនុប្រធានាធិបតីអាមេរិក លោក ជេឌី វ៉ាន់ស៍ (JD Vance) បានលើកឡើងថា វាប្រហែលជា “ការយល់ច្រឡំ” របស់អ៊ីរ៉ង់ និងបាននិយាយថា វាជារឿង “ល្ងង់ខ្លៅ” ប្រសិនបើអ៊ីរ៉ង់បណ្តោយឱ្យការចរចារលំរលាយ ត្រឹមតែដោយសារបញ្ហានៅលីបង់ដែលមិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង។

នៅថ្ងៃសៅរ៍ខាងមុខនេះ គណៈប្រតិភូអាមេរិកដឹកនាំដោយលោក JD Vance, លោក ជែរេដ ឃូសណឺ (Jared Kushner) និងលោក ស្ទីវ វីតខហ្វ (Steve Witkoff) ត្រៀមធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដើម្បីបើកការចរចាផ្ទាល់ជាមួយអ៊ីរ៉ង់ ទោះបីជាមុននេះសេតវិមានបានបង្ហើបថា លោក ត្រាំ បាន “គ្រវែងផែនការសន្តិភាព ១០ ចំណុច” របស់អ៊ីរ៉ង់ចោលទៅក្នុងធុងសំរាមហើយក៏ដោយ៕

Share.