រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងវិស័យសុខាភិបាល តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) និងកិច្ចព្រមព្រៀងចែករំលែកទិន្នន័យ (DSA) ដែលមានតម្លៃសរុប ៣៦ លានដុល្លារអាមេរិក ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពប្រជាជននៃប្រទេសទាំងពីរ។

ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានរបស់ ឯកឧត្តម ឈៀង យ៉ាណារ៉ា អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអ្នកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល ៥ឆ្នាំ ដោយក្នុងនោះសហរដ្ឋអាមេរិកគ្រោងផ្តល់ជំនួយលើសពី ៣០ លានដុល្លារ ខណៈរាជរដ្ឋាភិបាលកម្ពុជានឹងចូលរួមបដិភាគលើសពី ៥ លានដុល្លារ។

អនុស្សរណៈយោគយល់ (MOU) នេះនឹងផ្តោតសំខាន់លើការគាំទ្រកម្មវិធីសន្តិសុខសុខាភិបាលសកល ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកាចសាហាវ ដូចជា៖ជំងឺអេដស៍ (HIV/AIDS), ជំងឺរបេង, និងជំងឺគ្រុនចាញ់។

ក្រៅពីការប្រយុទ្ធប្រឆាំងជំងឺ កិច្ចសហប្រតិបត្តិការនេះនឹងពង្រឹងប្រព័ន្ធតាមដានជំងឺឆ្លង បណ្តាញមន្ទីរពិសោធន៍ និងប្រព័ន្ធទិន្នន័យ។ ដោយឡែក កិច្ចព្រមព្រៀងចែករំលែកទិន្នន័យ (DSA) ត្រូវបានបង្កើតឡើងដើម្បីធានាថា រាល់ការគ្រប់គ្រងព័ត៌មានសុខាភិបាលត្រូវអនុវត្តតាមស្តង់ដារខ្ពស់បំផុតនៃឯកជនភាព និងសុវត្ថិភាព។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ភាគីទាំងពីររំពឹងថានឹងអាចសម្រេចបាននូវគោលដៅធំៗដូចជា ការលុបបំបាត់ជំងឺគ្រុនចាញ់ និងការបញ្ចប់បញ្ហាជំងឺអេដស៍ក្នុងនាមជាបញ្ហាសុខាភិបាលសាធារណៈ។

ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្ត ភាគីទាំងពីរបានបង្កើត «គណៈកម្មការប្រតិបត្តិសហប្រតិបត្តិការសុខាភិបាលរួម» (JHCSC) ដែលមានសមាសភាពមកពីតំណាងជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីធ្វើការតាមដាន សម្របសម្រួល និងវាយតម្លៃលទ្ធផលការងារជាប្រចាំ។

អ្នកស្រី Bridgette L. Walker បានលើកឡើងថា នេះគឺជាចំណុចរបត់ដ៏សំខាន់នៃទំនាក់ទំនងសុខាភិបាលរយៈពេលជាង ៣០ឆ្នាំ រវាងប្រទេសទាំងពីរ។ ចំណែក ឯកឧត្តម ឈៀង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបង្ហាញពីស្មារតីសហប្រតិបត្តិការដ៏រឹងមាំ និងជាការឆ្លុះបញ្ចាំងពីអាទិភាពរបស់កម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងធានានិរន្តរភាពនៃប្រព័ន្ធសុខាភិបាលជាតិ៕

Share.