ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៩:០០នាទី តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម​ លា​វ​ ស្រេង​ ព្រះរាជអាជ្ញានៃ​អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញការិយាល័យ សហការជាមួយកម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានធ្វើការឃាត់នាវា ០១គ្រឿង នៅចំណុចឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ (ជនជាតិចិន ២នាក់ និងជនជាតិចិនតៃវ៉ាន់ ២នាក់) ពាក់ព័ន្ធករណីសង្ស័យដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់។

ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅសង្ស័យគ្រឿងញៀន ០២កញ្ចប់, ដុំក្រាម ១០កញ្ចប់, សារធាតុរាវ ០៤ដប, ទូរស័ព្ទដៃ ១០គ្រឿង, លិខិតឆ្លងដែន ០៥ក្បាល និងប័ណ្ណការងារជនបរទេស ០៣សន្លឹក។ នាវាដែលពាក់ព័ន្ធ ត្រូវបានរក្សាទុកនៅអង្គភាពជំនាញ។

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ កម្លាំងបានប្រគល់ជនសង្ស័យ និងវត្ថុតាងទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីបន្តនីតិវិធីតាមច្បាប់ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការបន្ត ៕

អត្ថបទ៖ ភ្នាក់ងារព្រះសីហនុ

Share.