បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបង្ក្រាបក្រុមក្មេងស្ទាវចំនួន ១១នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់ម៉ូតូ) ហើយបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

តាមការបញ្ជាក់ពីលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ករណីនេះកើតឡើងនៅវេលាម៉ោង ១:៥០នាទី រំលងអធ្រាត្រ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ៥៨ មុខវត្តទួលពង្រ ស្ថិតក្នុងសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

ក្រុមជនសង្ស័យមានគ្នា ១១នាក់ ជិះម៉ូតូចំនួន ៤គ្រឿង បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះឈ្មោះ ភឹម សំណាង អាយុ ៣៨ឆ្នាំ ខណៈកំពុងធ្វើដំណើរជាមួយប្រពន្ធ និងកូន លើម៉ូតូ HONDA DREAM មួយគ្រឿង ប៉ុន្តែការប្លន់មិនបានសម្រេច។

ក្រោយទទួលព័ត៌មាន កម្លាំងអាវុធហត្ថបានចុះប្រតិបត្តិការភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យបាន ២នាក់ដំបូង ហើយបន្តស្រាវជ្រាវរហូតឃាត់ខ្លួនបានសរុប ១១នាក់។ ក្នុងនោះដកហូតបានអាវុធមានកាំបិតវែង ២ដើម និងម៉ូតូ ៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់។


ប្រជាពលរដ្ឋក្នុងតំបន់ បានបង្ហាញការកោតសរសើរដល់កម្លាំងអាវុធហត្ថ ដែលបានចុះបង្ក្រាបយ៉ាងទាន់ពេលវេលា ធ្វើឲ្យមានសុវត្ថិភាព និងភាពកក់ក្តៅក្នុងសង្គម។

អត្ថបទ÷ប៉ោយប៉ែត

Share.