ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បានទទួលជួបគណៈប្រតិភូពីខេត្តតៃនិញ និងខេត្តដុងណាយ ប្រទេសវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ជំនួបនេះប្រព្រឹត្តទៅនៅសាលាខេត្ត ដោយមានការចូលរួមពីឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត រួមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ។ ខាងភាគីវៀតណាម ដឹកនាំដោយឯកឧត្តម ឡេ វ៉ាន់ហាន់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ តំណាងឱ្យខេត្តតៃនិញ និងដុងណាយ។




ក្នុងបរិយាកាសស្និទ្ធស្នាល ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណចំពោះវត្តមានគណៈប្រតិភូវៀតណាម និងបានគូសបញ្ជាក់ថា ជំនួបនេះបង្ហាញពីស្មារតីមិត្តភាពជិតស្និទ្ធ និងការសហការល្អរវាងប្រទេសជិតខាង ដែលបានរួមចំណែកអភិវឌ្ឍជាមួយគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍។




ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីវឌ្ឍនភាពរបស់ខេត្តត្បូងឃ្មុំ ដែលកំពុងអភិវឌ្ឍលើគ្រប់វិស័យ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ ហើយសមិទ្ធផលទាំងនេះកើតចេញពីកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាខេត្តជាប់ព្រំដែន ជាពិសេសផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងពាណិជ្ជកម្ម។


ថ្នាក់ដឹកនាំខេត្តបានបង្ហាញក្តីសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តត្បូងឃ្មុំ តៃនិញ និងដុងណាយ នឹងបន្តរីកចម្រើនបន្ថែមទៀត ស្របតាមទិសដៅមិត្តភាពប្រពៃណី និងស្ថិរភាពយូរអង្វែង។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានជូនពរជ័យដល់គណៈប្រតិភូទាំងអស់ សូមឲ្យមានសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចរៀងៗខ្លួន។




អត្ថបទ÷អាចារ្យ
