(តាកែវ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ដំណាក់កាលទី២ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារសំខាន់ៗពាក់ព័ន្ធនឹងជំហរដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹក។

១. ជំហររួមរវាងកម្ពុជា និងថៃ៖ ដំណោះស្រាយតាមផ្លូវច្បាប់ និងសន្តិវិធី

សម្តេចធិបតី បានបញ្ជាក់ថា ទោះបីជាមានចំណុចខ្វែងគំនិតគ្នានៅលើដីខ្លះក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល និងកងទ័ពថៃ មិនទាន់ទាត់ចោលសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះឡើយ។ ចំណុចនេះគឺជា «គន្លឹះ» ដ៏សំខាន់ដែលបង្ហាញថាប្រទេសទាំងពីរនៅតែអាចនិយាយគ្នាបាន៖

  • ការគោរពច្បាប់អន្តរជាតិ៖ កម្ពុជាប្រកាន់ជំហរដោះស្រាយដោយផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។
  • គោលនយោបាយស្របគ្នា៖ រដ្ឋាភិបាលថៃ (ក្រោមការដឹកនាំរបស់លោក អនុទីន) ក៏បានប្រកាសបន្តដោះស្រាយបញ្ហាព្រំដែនតាមយន្តការទ្វេភាគីដោយសន្តិវិធីផងដែរ។
  • អាទិភាពការទូត៖ សម្តេចធិបតីសង្កត់ធ្ងន់ថា ទោះបីសង្ឃឹមត្រឹមតែ ១ភាគរយ ក៏សម្តេចត្រូវប្រើប្រាស់យន្តការការទូតឱ្យអស់លទ្ធភាព ដើម្បីបញ្ចៀសការបង្ហូរឈាម និងការបំផ្លិចបំផ្លាញអាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

២. ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក

សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ផ្ទះសម្បែងដោយសារជម្លោះកន្លងមក។ រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយុទ្ធសាស្ត្រ ៣ ដំណាក់កាល ដើម្បីជួយសង្គ្រោះ៖

  1. ដំណាក់កាលទី១៖ ជម្លៀសចេញពីតំបន់គ្រោះថ្នាក់ និងផ្តល់ជម្រកបណ្តោះអាសន្ន (ទឹក អាហារ សុវត្ថិភាព)។
  2. ដំណាក់កាលទី២៖ រៀបចំលក្ខខណ្ឌរស់នៅឱ្យប្រសើរឡើង (តង់មានរចនាសម្ព័ន្ធល្អ និងអនាម័យ)។
  3. ដំណាក់កាលទី៣៖ ការស្តារឡើងវិញ (សាងសង់ផ្ទះសម្បែងរាប់ពាន់ខ្នងជូនប្រជាពលរដ្ឋ ដើម្បីឱ្យមានស្ថិរភាពជីវិតឡើងវិញ)។

«ផ្ទះថ្មីមិនអាចជំនួសតម្លៃផ្ទះចាស់ដែលបងប្អូនខំសាងសង់រាប់សិបឆ្នាំបានឡើយ ប៉ុន្តែរដ្ឋាភិបាលនឹងខិតខំអស់ពីសមត្ថភាពដើម្បីដោះស្រាយជូនបងប្អូនឱ្យបានឆាប់បំផុត»ប្រសាសន៍សម្តេចធិបតី

៣. ការគោរពវីរភាពកងកម្លាំងការពារព្រំដែន

ជាចុងក្រោយ សម្តេចធិបតីបានរំលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជន នគរបាលជាតិ និងកងរាជអាវុធហត្ថ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី និងសន្តិសុខជាតិ ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕

អត្ថបទ៖ត្រយង

Share.