រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបានជាបន្តបន្ទាប់នូវក្រុមជនសង្ស័យមានអង្គការចាត់តាំង ដែលបានធ្វើសកម្មភាពឆបោកតាមរយៈប្រព័ន្ធធនាគារ។
បន្ទាប់ពីមានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល និងលោកឧត្តមសេនីយ៍ត្រី លន់ ចាន់ផាគែន អនុប្រធាននាយកដ្ឋាន បានកំណត់អត្តសញ្ញាណ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ រួមមាន៖ ១. ឈ្មោះ សៀម ដាណែត ភេទប្រុស អាយុ៤០ឆ្នាំ (មេខ្លោងរាវរកលេខទូរស័ព្ទ) ២. ឈ្មោះ ខុន ប្រុសពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ ៣. ឈ្មោះ សាត វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ
ល្បិចកលនៃការបោកប្រាស់
តាមចម្លើយសារភាព ក្រុមជនសង្ស័យបានរៀបចំគម្រោងយ៉ាងហ្មត់ចត់ ដោយជួលបន្ទប់ខុនដូស្នាក់នៅដើម្បីធ្វើសកម្មភាព ដើម្បីបង្កើតបរិយាកាសស្ងប់ស្ងាត់ឱ្យដូចនៅក្នុងការិយាល័យធនាគារ បង្កើនទំនុកចិត្តដល់ជនរងគ្រោះ។ ល្បិចកលរបស់ពួកគេមានដូចជា៖
- បន្លំខ្លួន៖ ទូរស័ព្ទទៅជនរងគ្រោះដោយអះអាងថាជាភ្នាក់ងារធនាគារអេស៊ីលីដា ក្នុងគោលបំណង “ធ្វើបច្ចុប្បន្នភាពគណនី” (Update Account)។
- លួចយកលេខ OTP៖ ពួកគេបានបញ្ចូលលេខទូរស័ព្ទជនរងគ្រោះក្នុងកម្មវិធីធនាគារ ដើម្បីឱ្យប្រព័ន្ធផ្ញើលេខសម្ងាត់ ៦ខ្ទង់ (OTP) ទៅទូរស័ព្ទជនរងគ្រោះ រួចលួងលោមសុំលេខនោះពីជនរងគ្រោះ។
- ល្បិចគណិតវិទ្យាដើម្បីលួច PIN៖ ដើម្បីដឹងពីលេខសម្ងាត់ដកប្រាក់ (PIN) ពួកគេបានប្រើល្បិចថាមាន “ប្រាក់លើកទឹកចិត្ត” ហើយតម្រូវឱ្យជនរងគ្រោះយកលេខសម្ងាត់របស់ខ្លួនទៅ គុណនឹង ៦ រួចចែកនឹង ១០០ ហើយប្រាប់លទ្ធផលមកពួកគេ។ ក្រោយមកពួកគេគ្រាន់តែយកលទ្ធផលនោះមកគណនាបញ្ច្រាសវិញ ដើម្បីរកលេខសម្ងាត់ពិតប្រាកដរបស់ជនរងគ្រោះ និងចូលគ្រប់គ្រងគណនីទាំងស្រុងតែម្តង។
ជនសង្ស័យទាំងនេះគឺជាមុខសញ្ញាចាស់ ដែលបានធ្វើសកម្មភាពបោកប្រាស់ជនរងគ្រោះជាច្រើននាក់មកហើយ ដោយសរុបទឹកប្រាក់ដែលពួកគេលួចបានមានចំនួនរហូតដល់ ខ្ទង់ម៉ឺនដុល្លារ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទូរស័ព្ទសុំលេខសម្ងាត់ OTP ឬលេខកូដផ្សេងៗពីសំណាក់អ្នកដែលអះអាងថាជាភ្នាក់ងារធនាគារ ព្រោះភ្នាក់ងារពិតប្រាកដនឹងមិនសួររកលេខសម្ងាត់ឯកជនទាំងនោះឡើយ៕

អត្ថបទ៖ចតុមុខ
