នៅល្ងាចថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៦ សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយបានសង្កត់ធ្ងន់លើការបន្តគោរពស្មារតីសេចក្តីប្រកាសរួម GBC (ថ្ងៃទី២៧ ធ្នូ ២០២៥) ជាពិសេសការជំរុញឱ្យគណៈកម្មការចម្រុះព្រំដែនចុះវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់រហ័សនៅតំបន់មានជនស៊ីវិលរស់នៅ។ នេះជាជំហានដ៏សំខាន់ដើម្បីកសាងព្រំដែនសន្តិភាព ស្ថិរភាព និងភាពសុខសាន្តយូរអង្វែងសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សម្ដេចបានលើកឡើងថា៖ ចាប់តាំងពីបទឈប់បាញ់នៅខែ ធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ទាំងភាគីកម្ពុជា និងភាគីថៃបានប្រកាន់ជំហរគោរពខ្លឹមសារ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ថ្ងៃទី ២៧ ធ្នូ ២០២៥។
ក្នុងន័យនេះ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ ដែលចែងថា ÷
“ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។”
នៅកថាខណ្ឌចុងក្រោយ សម្ដេចនាយករដ្ឋមន្ត្រីបានរំលឹកថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការចំរុះព្រំដែនទាំងពីរអាចចាប់ផ្តើមអនុវត្តការងារវាស់វែងបានឆាប់រហ័ស តាមស្មារតីដែលបានឯកភាពគ្នាក្នុងសេចក្តីប្រកាសរួម (ចំណុចទី៣) ប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅរកការខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនច្បាស់លាស់រវាងប្រទេសទាំងពីរដោយសន្តិវិធី ដែលជាមូលដ្ឋានសម្រាប់កសាងសន្តិភាពយូរអង្វែង និងអោយប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃទាំងពីរប្រទេសអាចរស់នៅដោយសេចក្តីសុខ។

សូមជម្រាបថា ការបង្ហោះសារខាងលើរបស់សម្ដេចធិបតី ធ្វើឡើងបន្ទាប់ពីសម្ដេចបានថ្លែងម្ដងរួចមកហៅនៅក្នុងពិធីសម្ពោធ បើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវកាលពីព្រឹកថ្ងៃដដែល។ ការរំឭកម្ដងហើយ ម្ដងទៀត យ៉ាងទទូចពីភាគីកម្ពុជា ទំនងជាចង់បញ្ជាក់ទៅកាន់ភាគីថៃ អំពីសុឆន្ទៈក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រើយន្តការច្បាប់ឲ្យបានឆាប់រហ័ស ហើយកម្ពុជាក៏មិនចង់បណ្ដែតបណ្ដោយឲ្យថៃបន្តគេចវេសមិនសហការនោះឡើយ។
កន្លងមក គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា ក៏បានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មាការ JBC ភាគីថៃ ដើម្បីស្នើឱ្យរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC ប៉ុន្តែភាគីថៃបានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុងដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួន ក្រោយពីគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើតឡើង៕

