ភ្នំពេញ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី បានជិះរថយន្តក្រុង ដោយមិនគិតថ្លៃ មានចំនួនច្រើនខ្លាំងជាងបណ្តាឆ្នាំមុនៗ ព្រោះពួកគាត់មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងម្យ៉ាងទៀតដោយ សារតម្លៃប្រេងឥន្ទនៈឡើងថ្លៃខ្ពស់ផងដែរ។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈ លោក រួមជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រុមហ៊ុនជីបម៉ុងគ្រុប បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងទៅលេងស្រុកកំ ណើត ដោយមិនគិតថ្លៃ នាព្រឹកព្រលឹមថ្ងៃទី១២ មេសា ឆ្នាំ២០២៦ នេះ នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី បើទោះបីតម្លៃប្រេងឥន្ទនៈ មានការឡើងថ្លៃខ្ពស់យ៉ាងណាក៏ដោយ សម្តេចធិបតី ដាច់ខាតត្រូវតែបម្រើប្រជាពលរដ្ឋឱ្យខាងតែបាន នោះគឺការដឹកជញ្ជូនពួកគាត់តាមរថយន្តក្រុងទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃ។ ចំណែក រដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីមានការណែនាំពីសម្ដេចបវរធិបតីហ៊ុនម៉ាណែត យើងបានប្រើប្រាស់រថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករកម្មការិនីទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ពោលគឺដឹកជញ្ជូនពួកគាត់ទាំងទៅនិងមក។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នៅរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត បានណែ នាំឱ្យ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនេះឡើង ហើយគិតមកដល់ពេលនេះ ទីតាំងទាំង៦ យើងបានរៀបចំរួចរាល់ហើយ ទាំងការតុបតែង កែលំអរសោភណ្ឌភាពនិងអនាម័យបរិស្ថាន។ ចំណែកការងារ ការពារសន្តិសុខ សុវត្ថិភាព ជួនប្រជាពលរដ្ឋបានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស.២០២៦នេះ យើងក៏បានត្រៀមកម្លាំងរួចរាល់អស់ហើយដែរ។

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

អត្ថបទ៖ សេង​ សាវី

Share.