
នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៦ នេះសារព័ត៌មានត្រយងទទួលបានដំណឹងថា អគ្គីភ័យលេបត្របាក់ស្ទូឌីយោដ៏ធំរបស់ Sastra Film ក្នុងខែចែត្រនេះបណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ស្របពេលដែលអាកាសធាតុកំពុងកើនកម្តៅយ៉ាងខ្លាំង និងខិតជិតដល់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
យោងតាមការបង្ហោះ និងរូបភាពដែលបានចែកចាយលើបណ្តាញសង្គមនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញនូវអណ្ដាតភ្លើងដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ទៅលើទីតាំងថតកុនដ៏ពេញនិយមមួយនេះ។ របាយការណ៍បឋមបានឱ្យដឹងថា អគ្គីភ័យនេះបានឆាបឆេះបំផ្លាញផ្ទះគំរូសម្រាប់ថតចំនួន ៤ខ្នង រួមនឹងសម្ភារបច្ចេកទេសមួយចំនួនទៀត ដែលបង្កជាការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងដល់ក្រុមអ្នកផលិតភាពយន្តផ្ទាល់។
ជុំវិញឧបទេវហេតុដ៏អកុសលនេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានចេញមុខថ្លែងសារសម្តែងនូវការសោកស្តាយជាពន់ពេក។ លោកបានបញ្ជាក់ថា ក្នុងនាមនាយកដ្ឋានជំនាញ លោកសូមចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយចំពោះការបាត់បង់ទ្រព្យសម្បត្តិ និងសមិទ្ធផលសិល្បៈរបស់ផលិតកម្មសាស្រ្តាហ្វីម ដែលជាការបាត់បង់ធនធានផលិតដ៏សំខាន់មួយក្នុងវិស័យសិល្បៈទី៧។






គ្រោះថ្នាក់ដែលកើតឡើងចំពោះស្ទូឌីយោ Sastra Film គឺជាសញ្ញាអាសន្នមួយរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្មទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ទ្វេដងលើបញ្ហាអគ្គីភ័យ ចាំបាប់ត្រូវត្រួតពិនិត្យប្រព័ន្ធអគ្គិសនី ដោយសារអាកាសធាតុក្តៅខ្លាំង ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងកង្ហារច្រើន អាចបង្កឱ្យមានការឆ្លងចរន្តអគ្គិសនី។ មួយវិញទៀត ការរក្សាទុកវត្ថុដែលងាយឆេះ ត្រូវប្រុងប្រយ័ត្នចំពោះការដុតសម្រាម ឬការទុកដាក់ធូបទៀនក្នុងឱកាសត្រៀមចូលឆ្នាំ៕

