កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីក្រុងពាលីសូត្រមន្ត នៅវត្តនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ដើម្បីបួងសួងសុំសេចក្តីសុខ សុភមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០។


តាមមន្ត្រីរដ្ឋបាលខេត្ត បានឲ្យដឹងថា ឆ្នាំនេះ ខេត្តកំពង់ចាម បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានលក្ខណៈប្លែក និងទាក់ទាញជាងឆ្នាំមុន។


ការរៀបចំមានការតុបតែងសោភ័ណ្ឌភាពក្នុងក្រុងកំពង់ចាម ដោយដាក់តាំងស្តង់ពណ៌ចម្រុះតាមដងផ្លូវ និងកម្មវិធីកម្សាន្តជាច្រើន។ ជាពិសេស ព្រឹត្តិការណ៍ «លៀសហាល» ប្រមាណ ៥ តោន នឹងប្រារព្ធនៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២ នៃបុណ្យចូលឆ្នាំ ដើម្បីអញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមពិសារដោយសេរី និងរីករាយជាមួយបរិយាកាសសង្ក្រាន្ត។


ព្រឹត្តិការណ៍នេះរំពឹងថា នឹងទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមកាន់តែច្រើនជាងឆ្នាំមុន៕

អត្ថបទ÷អាចារ្យលាក់

Share.