មណ្ឌលគីរី៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគីរី សហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅអគារពាណិជ្ជកម្មចិនមណ្ឌលគីរី ក្នុងក្រុងសែនមនោរម្យ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។




ប្រតិបត្តិការនេះ ដំបូងធ្វើឡើងតាមសំណើរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីស្វែងរកជនជាតិឥណ្ឌា ប៉ុន្តែក្រោយចុះពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញជនបរទេសជាច្រើនកំពុងស្នាក់នៅទីតាំងខាងលើ ទើបសម្រេចឆែកឆេរបន្ត។
ជាលទ្ធផល អាជ្ញាធរបានឃាត់ខ្លួនជនបរទេសសរុប ២៦២នាក់ ស្រី ៤៧នាក់ មាន៩សញ្ជាតិ រួមមាន ចិន១៣៥នាក់ ថៃ៥៨នាក់ ឥណ្ឌា៣០នាក់ មីយ៉ាន់ម៉ា២២នាក់ នេប៉ាល់៦នាក់ ប៉ាគីស្ថាន៤នាក់ រ៉វ៉ាន់ដា៥នាក់ ប៊ូរ៉ុនឌី១នាក់ និងហ្វីលីពីន១នាក់។


សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើន រួមមាន កុំព្យូទ័រលើតុ៤២០គ្រឿង និងទូរសព្ទដៃ១,៤៥០គ្រឿង។ តាមការបំភ្លឺពីជនជាតិថៃ មួយចំនួនបានឲ្យដឹងថា ពួកគេត្រូវបានបោកបញ្ឆោតឲ្យឆ្លងដែនចូលកម្ពុជា ដោយសន្យាផ្តល់ប្រាក់ខែខ្ពស់ ប៉ុន្តែចុងក្រោយត្រូវបង្ខំឲ្យធ្វើការងារឆបោកអនឡាញ។
ការសន្និដ្ឋានរបស់សមត្ថកិច្ចបង្ហាញថា ក្រុមនេះបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីឆបោកគោលដៅនៅប្រទេសថៃ តាមរូបភាពលក់ទំនិញអនឡាញក្លែងក្លាយ និងឆបោកអ្នកនៅសហរដ្ឋអាមេរិក តាមរយៈការវិនិយោគរូបិយប័ណ្ណឌីជីថល (Crypto)។




បច្ចុប្បន្ន មេខ្លោងជនជាតិចិន២នាក់ និងមីយ៉ាន់ម៉ា១នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈជនបរទេស២៥៩នាក់ទៀត ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីកម្ពុជា។
អាជ្ញាធរកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនម្ចាស់ទីតាំង ដែលកំពុងគេចវេស ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
