បរិមាណសំរាមប្រមូលបានយកទៅទុកដាក់នៅទីលាន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន ២ ៣៣៥,០៦តោន គឺមានការថយចុះ៤៤% ធៀបនឹងបរិមាណសំរាមប្រមូលបានប្រចាំថ្ងៃនៅថ្ងៃធម្មតា នៅរាជធានីភ្នំពេញ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ការចូលរួមយ៉ាងសកម្មពីសាធារណជន ក្នុងការយល់ដឹងពីផលប៉ះពាល់នៃសំរាម និងសំណល់ប្លាស្ទិក ជាពិសេសការចូលរួមទុកដាក់សំរាមបានត្រឹមត្រូវ និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងអំឡុងពេល ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នេះ បាននាំឱ្យបរិមាណសំរាមនៅរាជធានីភ្នំពេញ ថយចុះ។ វឌ្ឍនភាពនេះបង្ហាញថា កម្ពុជាកំពុងឈានទៅរកបរិស្ថានស្អាត និងមានសោភ័ណភាពប្រសើរជាងមុន នៅតាមទីប្រជុំជន តាមរយៈការចូលរួមចំណែកពីគ្រប់មជ្ឈដ្ឋាន។ លើកឡើងបន្ថែមអ្នកនាំពាក្យក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន យុវជន សមាគម អង្គការសង្គមស៊ីវិល សិស្ស និស្សិត ក៏ដូចជាប្រជាពលរដ្ឋជាច្រើន បានចូលរួមផ្សព្វផ្សាយ និងធ្វើសកម្មភាព ជំរុញភាពស្អាតនៅកម្ពុជា ដែលផ្តោតលើកត្តាសំខាន់ៗដូចខាងក្រោម៖

១) ការជំរុញការផ្លាស់ប្តូរផ្នត់គំនិត ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ជាងមុន និងមានស្មារតីទទួលខុសត្រូវក្នុងការវេចខ្ចប់ និងទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ។

២) ការជំរុញចំណេះដឹងសិស្សានុសិស្ស នៅតាមសាលារៀន ផ្សាភ្ជាប់ជាមួយគ្រួសារ និងសហគមន៍  និងការចូលរួមពីសាធារណជនយ៉ាងផុសផុល ចំនួនជាង១៦លាននាក់ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបោះចោលសំណល់ប្លាស្ទិកនៅតាមទីសាធារណៈ តាមរយៈយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» រួមជាមួយយុទ្ធនាការ «ផ្លូវជាតិ គ្មានសំរាម សំណល់ប្លាស្ទិក» ភាពស្អាត» ដែលត្រូវធ្វើសកម្មភាពជំរុញភាពស្អាត នៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងគោលនោយបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល អាណត្តិទី ៧

៣) ក្រសួងបរិស្ថានបានគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ការផ្តល់សម្ភារ ដឹកជញ្ជូន និងសម្អាតសំរាម និងបានផ្តល់ធុងសំរាមដល់មណ្ឌលសុខភាព សាលារៀន និងវត្តអារាម ជាបណ្តើរៗដល់ខេត្តនៅទូទាំងប្រទេស នឹងការជំរុញសម្មភាពសម្អាតជាប្រចាំ។

និង៤) បន្តជំរុញការចូលរួមគាំទ្រដល់ យុទ្ធនាការក្នុងការជំរុញឱ្យសាធារណជនយល់ដឹងពីអំពីបរិស្ថាន ក្នុងនោះចំណេះលើវិធាន 4Rs (បដិសេធ, កាត់បន្ថយ, ប្រើឡើងវិញ, និងកែច្នៃឡើងវិញ)ចំពោះសំរាម និងសំណល់ប្លាស្ទិក៕

អត្ថបទ៖តាតុងសែនជ័យ

Share.