(ភ្នំពេញ)៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហោះសារនៅលើគណនី Facebook ផ្ទាល់ខ្លួន នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដោយបង្ហាញពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស និងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរ។

តាមការបញ្ជាក់ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១២ករណី ក្នុងនោះកើតឡើងពេលយប់ ៥ករណី បណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ៦នាក់ និងរងរបួសសរុប ២៥នាក់។
មូលហេតុសំខាន់ដែលនាំឱ្យកើតគ្រោះថ្នាក់រួមមាន ការបើកបរល្បឿនលឿនចំនួន ៥ករណី មិនគោរពសិទ្ធិអាទិភាព ២ករណី មិនប្រកាន់ស្ដាំ ២ករណី បត់មិនប្រុងប្រយ័ត្ន ២ករណី និងកត្តាយានយន្ត ១ករណី។
ជាមួយគ្នានេះ អាជ្ញាធរក៏បានអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំសុវត្ថិភាពចរាចរណ៍ចំនួន ១១៦លើក ដែលមានអ្នកចូលរួមសរុប ៦,៥៧០នាក់ ក្នុងនោះមានការផ្សព្វផ្សាយតាមដងផ្លូវ វេទិកាសាធារណៈ និងសហគមន៍។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្ត ឬត្រឡប់ពីស្រុកកំណើត គោរពច្បាប់ចរាចរណ៍ជាប្រចាំ មិនបើកបរលឿន មិនវ៉ាជែងប្រថុយប្រថាន មិនបើកបរនៅពេលមានជាតិស្រវឹង និងត្រូវមានសីលធម៌ក្នុងការប្រើប្រាស់ផ្លូវ ដើម្បីធានាសុវត្ថិភាពទាំងខ្លួនឯង និងអ្នកដទៃ៕

