ភ្នំពេញ ៖ រថយន្តសេរីទំនើបមួយគ្រឿងត្រូវបានប្រជាពលរដ្ឋព័ទ្ធ វាយ កប់ បណ្តាលឱ្យរងខូចខាតដំណំ ដោយស្មានតែជារថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យផ្អើលពេញតំបន់នគរសង្ក្រាន្ត វត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រហូតដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ នាំយករថយន្តទៅប៉ុស្តិ៍ សាកសួរអ្នកបើកបរ ទើបដឹងរឿង ។

រថយន្ត១គ្រឿងខាងលើម៉ាក អាវតា០៧ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា MUSTA.FA ។

យោងតាមការសាកសួរ របស់សមត្ថកិច្ច រថយន្តខាងលើ បានធ្វើដំណើរលើផ្លូវ៩០កែងនិងផ្លូវស៊ីសុវត្ថិ ហើយបត់ចូលផ្លូវ៩០ ក្នុងទិសដៅពីកើតទៅលិច តំបន់នគរសង្ក្រាន្ត ពលរដ្ឋដើរលេងច្រើន នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ហើយក៏មានម៉ូតូមួយគ្រឿងបានជិះប៉ះពីក្រោយរថយន្ត ឃើញដូច្នោះ អ្នកបើកបររថយន្តបានចុះទៅសាកសួរ និងមើលរថយន្តផង ក៏ប៉ុន្តែ អ្នកបើកម៉ូតូមិនឆ្លើយតបជាមួយ ធ្វើឱ្យអ្នកបើកបររថយន្តច្រានម៉ូតូ បណ្តាលឱ្យដួល រួចក៏បើករថយន្តចាកចេញ ពេលនោះហើយ ពលរដ្ឋ អ្នកដំណើរ គិតស្មានតែរថយន្តជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បើករត់ ក៏ផ្អើលពីមួយទៅមួយ នាំគ្នាដេញកប់ វាយ បណ្តាលឱ្យរងខូចខាតបែកកញ្ចក់ ខូចដំណំ ហើយភាគីខាងម៉ូតូក្រោយកើតហេតុក៏ចាកចេញទៅបាត់ ។

ដោយស្ថានការណ៍ វាយកប់លើរថយន្តកាន់តែខ្លាំង សមត្ថកិច្ចចុះទៅអន្តរាគមន៍ នាំយករថយន្ត និងអ្នកបើកបរទៅសាកសួរនៅប៉ុស្តិ៍ ទើបដឹងរឿង ។

ករណីខាងលើសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ ស្វែងរកភាគីបង្កមកដោះស្រាយគ្នា ៕

អត្ថបទ÷តាតុងសែនជ័យ

Share.