(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យចំនួន ២០នាក់ (ស្រី ២នាក់) ពាក់ព័ន្ធករណីឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំងតាមប្រព័ន្ធ Online Scam។
សូមចុចអាន៖ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៦ មេសា សម្លាប់មនុស្ស៦នាក់ និងរបួស២៥នាក់ ខណៈអាជ្ញាធរអំពាវនាវឱ្យប្រុងប្រយ័ត្ន

យោងតាមដីការរបស់លោក ប៊ុន រតនៈ ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា ជនសង្ស័យទាំងនេះមានជនជាតិចិន ១៩នាក់ និងជនជាតិកៀហ្សីស៊ីស្ថាន ១នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។
ករណីនេះកើតឡើងនៅចំណុចដីឡូត៍គ្មានលេខ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយជនសង្ស័យត្រូវបានចោទប្រកាន់ពីបទឆបោកជាក្រុមមានការចាត់តាំង និងការឆ្លងដែនខុសច្បាប់។
តាមបញ្ញត្តិមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ អំពើឆបោកជាក្រុមអាចប្រឈមទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ ខណៈមាត្រា ២៩ នៃច្បាប់អន្តោប្រវេសន៍ កំណត់ទោសបន្ថែមចំពោះការចូលប្រទេសដោយខុសច្បាប់។
លេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែចុងក្រោយ (ខែកក្កដា ២០២៥ ដល់ខែមីនា ២០២៦) សមត្ថកិច្ចកម្ពុជាបានបង្ក្រាបករណី Online Scam ជាង ២៥០ករណី និងបញ្ជូនសំណុំរឿងទៅតុលាការ ៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណ ៧៥០នាក់។




















