អ៉ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រកាសជាផ្លូវការនូវការបើកឱ្យដំណើរការឡើងវិញនូវ ច្រកសមុទ្រហ័រមូស (Strait of Hormuz) សម្រាប់នាវាពាណិជ្ជកម្មទាំងអស់។ ការសម្រេចចិត្តនេះកើតឡើងស្របពេលមានកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងប្រទេសលីបង់ និងសញ្ញាវិជ្ជមាននៃការចរចាបញ្ចប់សង្គ្រាម។

លោក Araqchi បានបញ្ជាក់តាមរយៈបណ្តាញសង្គម X ថា ច្រកសមុទ្រដ៏សំខាន់នេះនឹងបើកឱ្យចរាចរណ៍នាវាឡើងវិញក្នុងអំឡុងពេលបទឈប់បាញ់ ១០ ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។ ទោះជាយ៉ាងណា ការធ្វើនាវាចរណ៍ត្រូវតែអនុវត្តតាមគន្លងផ្លូវដែលកំណត់ដោយអាជ្ញាធរដែនសមុទ្រអ៊ីរ៉ង់។

ជាមួយគ្នា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់នឹងអាចលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ បើទោះបីជាមិនទាន់មានកាលវិភាគច្បាស់លាស់ក៏ដោយ។

យ៉ាងណាម៉ិញ ភ្លាមៗក្រោយការប្រកាសនេះ តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះប្រមាណ ៩% ដែលជួយកាត់បន្ថយសម្ពាធលើសេដ្ឋកិច្ចសកល និងការផ្គត់ផ្គង់ថាមពលពិភពលោក បន្ទាប់ពីមានការរំខានដោយសារជម្លោះ។

គួររំលឹកផងដែរថា ភាពតានតឹងដែលឈានដល់ការវាយប្រហារយោធាកាលពីចុងខែកុម្ភៈ កន្លងទៅ បានបង្កឱ្យមានការបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ និងបង្កអស្ថិរភាពយ៉ាងធ្ងន់ធ្ងរនៅតំបន់មជ្ឈិមបូព៌ា។ ការបើកច្រកសមុទ្រនេះ ត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយក្នុងការបន្ធូរបន្ថយស្ថានការណ៍ក្នុងតំបន់៕

ប្រភព៖ CNA

Share.