ញូវយ៉ក៖ តម្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ ទី១៧ ខែមេសា បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់បានប្រកាសអនុញ្ញាតឱ្យមានចរាចរណ៍នាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើងវិញ។ ដំណឹងនេះបានក្លាយជាកម្លាំងរុញច្រានឱ្យទីផ្សារភាគហ៊ុននៅអឺរ៉ុប និងទីក្រុងញូវយ៉កហក់ឡើងខ្ពស់ រហូតដល់បំបែកកំណត់ត្រាថ្មី។

យោងតាមបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់នឹងដកការបិទខ្ទប់លើការដឹកជញ្ជូនតាមផ្លូវសមុទ្រដ៏សំខាន់ៗ សម្រាប់ថាមពលឈូងសមុទ្រមួយនេះ។
លោក Araghchi បានថ្លែងថា៖ «ស្របតាមកិច្ចព្រមព្រៀងបទឈប់បាញ់នៅលីបង់ ការធ្វើដំណើរសម្រាប់នាវាពាណិជ្ជកម្មទាំងអស់តាមច្រកសមុទ្រ Hormuz ត្រូវបានប្រកាសបើកចំហទាំងស្រុង សម្រាប់រយៈពេលដែលនៅសេសសល់នៃបទឈប់បាញ់នេះ»។

គួររំលឹកផងដែរថា ចរាចរណ៍នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ ដែលជាកន្លែងផ្ទេរប្រេងឆៅប្រមាណ ១ភាគ៥ របស់ពិភពលោក ត្រូវបានរំខានដោយអ៊ីរ៉ង់ ចាប់តាំងពីប្រតិបត្តិការយោធាអាមេរិក-អ៊ីស្រាអែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។ ការរំខាននេះធ្លាប់បានរុញតម្លៃប្រេងឱ្យហក់ឡើងដល់ចំណុចកំពូលជិត ១២០ដុល្លារ ក្នុងមួយបារ៉ែល និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបការរង្គោះរង្គើ។
ក្រោយការប្រកាសរបស់អ៊ីរ៉ង់ តម្លៃប្រេងឆៅ Brent (សន្ទស្សន៍អន្តរជាតិ) និង WTI (សន្ទស្សន៍អាមេរិក) បានធ្លាក់ចុះមកក្រោម ៩០ដុល្លារ ក្នុងមួយបារ៉ែល។ ជាក់ស្តែង ប្រេង Brent បានបិទការជួញដូរក្នុងតម្លៃ ៩០.៣៨ដុល្លារ ពោល គឺធ្លាក់ចុះដល់ទៅ ៩.១ភាគរយ។

ទន្ទឹមនឹងនេះ ទីផ្សារភាគហ៊ុននៅទីក្រុងញូវយ៉កក៏បានបន្តការកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីចុងខែមីនា មក ដោយសារការរំពឹងទុកនូវការទម្លាយភាពទាល់ច្រកនៃវិបត្តិនៅមជ្ឈិមបូព៌ា។ ជាមួួយគ្នា លោក Angelo Kourkafas មកពីក្រុមហ៊ុន Edward Jones បានកត់សម្គាល់ថា ការវិវត្តនៃភូមិសាស្ត្រនយោបាយកំពុងដើរក្នុងទិសដៅត្រឹមត្រូវ ហើយភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិកនឹងកាន់តែលេចធ្លោនៅពេលដែលក្តីបារម្ភរឿងសង្គ្រាមថយចុះ។

ជាលទ្ធផល សន្ទស្សន៍ S&P 500 បានបិទការជួញដូរក្នុងកម្រិត ៧,១២៦.០៦ ដែលកើនឡើង ១.២ភាគរយ ក្នុងថ្ងៃនេះ និងសរុប ៤.៥ភាគរយ ក្នុងរយៈពេលពេញមួយសប្តាហ៍នេះ។

